Arsenal នឹងស្វាគមន៍ West Ham ទៅកាន់កីឡដ្ឋាន Emirates សម្រាប់ការប្រកួតសប្ដាហ៍ទី១៩ ដែលស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខសម្រាប់ទស្សនិកជននៅកម្ពុជា ចាប់ពីម៉ោង ៣:១០ នាទីរំលងអធ្រាត្រ យប់នេះតទៅ។
ការស្មើជាមួយ Liverpool នៅកីឡដ្ឋាន Anfield បានធានាថាក្រុមកាំភ្លើងធំនៅតែស្ថិតនៅលើកំពូលតារាងនៅថ្ងៃបុណ្យណូអែល ហើយលោក Mikel Arteta អ្នកចាត់ការទូទៅរបស់ Arsenal បានពេញចិត្តជាមួយលទ្ធផលនេះ។ ប៉ុន្តែ Liverpool បានទទួលជ័យជម្នះលើ Burnley នៅប្រកួតបន្ទាប់ ដើម្បីឈរលេខ១ លើស២ពិន្ទុលើ Arsenal ដែលសល់មួយប្រកួតក្នុងដៃ។
West Ham បានឈ្នះ ៣ ក្នុងចំណោម ៤ប្រកួតចុងក្រោយរបស់ពួកគេ។ ក្រុមញញួរធំ បានយកឈ្នះក្រុម Manchester United ដែលមិនខុសពីធម្មតានៅចុងសប្តាហ៍ និងបានស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ។ ពួកគេបានយកឈ្នះ Arsenal នៅជុំទី៤ ពានរង្វាន់ EFL Cup កាលពីដើមខែវិច្ឆិកា។
Kai Havertz នឹងខកខានការប្រកួតទល់នឹង West Ham បន្ទាប់ពីទទួលកាតលឿងទី៥ នៅ Anfield ។ Fabio Vieira នៅតែបន្តសម្រាកព្យាបាលរបួសក្រលៀន។ ក្រុមកាំភ្លើងធំ នឹងបន្តគ្មាន Thomas Partey, Jurrien Timber, និង Takehiro Tomiyasu ។
Nayef Aguerd បានអវត្តមានក្នុងការទទួលជ័យជម្នះរបស់ West Ham លើ Man Utd ដោយសារជំងឺ។ Michail Antonio នឹងមិនចាប់ផ្តើមការប្រកួតយប់នេះទេ។
ប្រវត្តិជួបគ្នា ៥ប្រកួងចុងក្រោយ Arsenal យកឈ្នះ West Ham ៣ដង និងស្មើ១ដង ប៉ុន្តែប្រកួតចុងក្រោយចាញ់ក្នុងលទ្ធផល ៣-១ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Raya; White, Saliba, Gabriel, Kiwior; Rice, Odegaard, Smith Rowe; Saka, Jesus, Trossard
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Areola; Coufal, Mavropanos, Zouma, Emerson; Alvarez, Ward-Prowse; Kudus, Soucek, Paqueta; Bowen
CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Arsenal ១-០ West Ham ៕