×

គ្រូ Man UTD ថា មិនមានបំណងចែកផ្លូវជាមួយខ្សែប្រយុទ្ធ Anthony Martial

គ្រូបង្វឹក Manchester United លោក Erik ten Hag បានបង្ហើបឱ្យដឹងថា លោកគ្មានបំណងក្នុងការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ Anthony Martial នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខនេះនោះឡើយ។

អនាគតរបស់កីឡាករសញ្ជាតិបារាំង បានស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីឱកាសលេងរបស់គេហាក់ធ្លាក់ចុះខ្លាំង ចាប់តាំងពីការមកដល់របស់កីឡាករចំណូលថ្មី Rasmus Hojlund មក។

ទន្ទឹមនឹងនេះ កុងត្រាបច្ចុប្បន្នរបស់ Anthony Martial បានឈានដល់រយៈពេល ៦ខែចុងក្រោយហើយ នៅក្នុងខែមករាខាងមុខ ដែលនេះមានន័យថាគេនឹងមានសិទ្ធិក្នុងការចរចាជាមួយក្លិបបរទសផ្សេងទៀត មុនឈានដល់ការចុះហត្ថលេខាដោយគ្មានតម្លៃខ្លួន នៅទីផ្សាររដូវក្តៅ។

ជាលទ្ធផល នៅពេលទីផ្សារដោះដូរខាងមុខកាន់តែខិតជិតបើកឡើងវិញ វាត្រូវបានគេយល់ថាក្លិប United មានឱកាសចុងក្រោយដើម្បីទាញប្រាក់ចំណូលពីការលក់ Anthony Martial ប៉ុន្តែយ៉ាងណាក៏ដោយ លោក Ten Hag បានចេញមុខបញ្ជាក់ថា កីឡាកររូបនេះ នឹងមិនចាកចេញទៅណាឡើយ។

នៅពេលត្រូវបានគេសាកសួរអំពីអនាគតរបស់ Anthony Martial លោក Ten Hag បាននិយាយថា៖ “នៅពេលមានព័ត៌មានអ្វីថ្មី ប្រាកដណាស់ខ្ញុំនឹងប្រាប់ ប៉ុន្តែពេលនេះ គ្មានអ្វីត្រូវនិយាយនោះឡើយ ព្រោះថា វាច្បាស់ណាស់គឺ Anthony Martial មិនស្ថិតក្នុងគោលដៅនៃការលក់ចេញទេ។”

សូមបញ្ជាក់ថា Anthony Martial បានចូលរួមជាមួយ Manchester United ដោយផ្លាស់ពីក្លិប Monaco កាលពីឆ្នាំ២០១៥។ មកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនជាមួយក្លិបបិសាចក្រហម ៣១៧ដង ស៊ុតបាន ៩០គ្រាប់ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង