×

ខ្សែប្រយុទ្ធ Mohamed Salah សង្ឃឹមថា នឹងបញ្ចប់ការរង់ចាំរបស់អេស្ស៊ីប ក្នុងការឈ្នះពានរង្វាន់ Africa Cup of Nations សាជាថ្មី

ខ្សែប្រយុទ្ធ Mohamed Salah បាននិយាយថា រូបគេសង្ឃឹមថានឹងអាចបញ្ចប់ការរង់ចាំរបស់អេហ្ស៊ីបក្នុងការឈ្នះពានរង្វាន់ Africa Cup of Nations សាជាថ្មី ខណៈ អេស្ស៊ីបកំពុងត្រៀមខ្លួនក្នុងការចូលរួមការប្រកួតពានរង្វាន់កំពូលទ្វីបអាហ្រ្វិកដែលនឹងធ្វើឡើងនាពេលឆាប់ៗ។

ជាការពិត អេហ្ស៊ីបជាក្រុមដែលឈ្នះពាន Africa Cup of Nations ច្រើនជាងគេគឺ ៧ដង ប៉ុន្តែការឈ្នះលើកចុងក្រោយរបស់ពួកគេគឺតាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក អេហ្ស៊ីប បានត្រឹមតំណែងរងជើងឯក២ដង គឺក្នុងឆ្នាំ២០១៧ និង ២០២១ ។

Mohamed Salah នឹងត្រូវធ្វើដំណើរទៅចូលរួមការហ្វឹកហាត់ ជាមួយសមាជិកក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបដទៃទៀត ក្រោយបញ្ចប់ភារកិច្ចជាមួយក្លិប Liverpool រួចរាល់។

នៅខណៈដែលអេហ្ស៊ីប ត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់កំពូលទ្វីបអាហ្វ្រិក នោះ Mohamed Salah បានដាក់ក្តីសង្ឃឹមថា ការប្រកួតឆ្នាំនេះ រូបគេនឹងព្យាយាមប្រឹងប្រែងជួយក្រុមអោយអស់ពីសមត្ថភាព ហើយក៏រំពឹងថា ក្រុមនឹងអាចក្លាយជាជើងឯកសាជាថ្មី ដើម្បីបញ្ចប់ការរង់ចាំក្នុងរយៈពេលជាច្រើនឆ្នាំ។

ការប្រកួតពានរង្វាន់ Africa Cup of Nations 2023 នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៤ ដោយប្រទេសកូឌីវ័រជាម្ចាស់រៀបចំការប្រកួត។

សម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល ក្រុមអេហ្ស៊ីប បានផ្គូផ្គង ចូលពូល B រួមជាមួយ ហ្កាណា កាប់វែរ និង ម៉ូសំប៊ិក។ ការប្រកួតបើកឆាករបស់អេហ្ស៊ីបគឺនឹងត្រូវប៉ះម៉ូសំប៊ិក នៅថ្ងៃទី១៣ ខែមករា មុនបន្តប៉ះហ្កាណា នៅថ្ងៃទី១៨ ខែមករា ហើយចុងក្រោយប៉ះ កាប់វែរ នៅថ្ងៃទី២២ ខែមករា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង