ក្លិប Birmingham City នៅក្របខណ្ឌលំដាប់ទី២អង់គ្លេស បានបញ្ចប់តួនាទីជាគ្រូបង្វឹករបស់ Wayne Rooney បន្ទាប់ពីបានបំពេញតួនាទីតិចជាង ៣ ខែ ខណៈការដឹកនាំរបស់លោកធ្វើឱ្យក្លិបទទួលលទ្ធផលមិនល្អនោះទេ។
Rooney ត្រូវបានតែងតាំងជាគ្រូបង្វឹក Birmingham ក្នុងខែតុលាកន្លងទៅ នៅពេលដែលក្លិបស្ថិតនៅលេខរៀងទី ៦ ក្នុងតារាងក្របខណ្ឌ EFL Championship ប៉ុន្តែបច្ចុប្បន្ន ពួកគេបានធ្លាក់មកចំណាត់ថ្នាក់លេខ២០មាន២៨ពិន្ទុឆ្លងកាត់២៦ប្រកួត ឈរពីលើតំបន់កាត់ចោលតែ៦ពិន្ទុ។
បន្ទាប់ពីបុរសវ័យ៣៨ឆ្នាំបានចូលកាន់តំណែងមក Birmingham បានចាញ់ ៩ ដង ស្មើ៤ដង និងឈ្នះតែ២ដង ក្នុងចំណោម ១៥ ប្រកួតដែលលោកបានដឹកនាំ។ ពួកគេក៏មិនទទួលបានជ័យជម្នះក្នុងការប្រកួត៥លើកចុងក្រោយផងដែរ។
ចំពោះការបញ្ចប់តំណែងរបស់ Wayne Rooney ក្លិប Birmingham បានចេញសេចក្តីថ្លែងការណ៍ ថា “Birmingham City បានចែកផ្លូវគ្នាជាមួយលោក Wayne Rooney ហើយ។ថ្វីបើមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ លទ្ធផលមិនបានឆ្លើយតបនឹងការរំពឹងទុកឡើយ ដូច្នេះហើយ ក្លិបយល់ថាការផ្លាស់ប្តូរការគ្រប់គ្រងគឺជាផលប្រយោជន៍ដ៏ល្អបំផុត។”
ក្រោយការចាកចេញរបស់ Rooney គ្រូជំនួយលោក Steve Spooner នឹងទទួលបន្ទុកដឹកនាំក្រុមជាបណ្តោះអាសន្ន។
អតីតខ្សែប្រយុទ្ធ Man UTD, Wayne Rooney បានចូលកាន់តំណែងនៅ Birmingham ក្រោយលាលែងពីតំណែងជាគ្រូបង្វឹកក្លិប DC United នៅលីគកំពូលអាមេរិក Major League Soccer ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ។
មុនពេលចូលរួមជាមួយ DC United ក្នុងខែមិថុនា ឆ្នាំ២០២២ Rooney មានបទពិសោធ ១៧ ខែ ដឹកនាំ Derby County ដោយក្រុមរបស់គេទទួលបាន ៥៥ ពិន្ទុ គ្រប់គ្រាន់បន្តលេងនៅក្របខណ្ឌ EFL Championship ប៉ុន្តែត្រូវបានកាត់ចុះទៅក្របខណ្ឌទី៣ EFL League One បន្ទាប់ពីការកាត់ពិន្ទុចំពេលមានបញ្ហាហិរញ្ញវត្ថុ៕