ក្លិប Manchester United បានអនុវត្តលក្ខខណ្ឌមួយក្នុងការខ្ចីជើងខ្សែការពារ Sergio Reguilon ដែលអនុញ្ញាតឱ្យខ្សែការពាររូបនេះវិលត្រលប់ទៅចូលរួមជាមួយក្រុម Tottenham Hotspur វិញ។
Reguilon បានចុះហត្ថលេខាជាមួយ Man United កាលពីខែសីហា បន្ទាប់ពីក្រុមបិសាចក្រហម ជួបបញ្ហាខ្វះខ្សែការពារស្លាបឆ្វេង ខណៈ Luke Shaw និង Tyrell Malacia សុទ្ធតែមានរបួស។
Reguilon ដែលមានវ័យ ២៧ឆ្នាំ បានបង្ហាញខ្លួនចំនួន ១២ លើក ដែលថ្មីៗនេះជាកីឡាករបម្រុងចុងម៉ោងពេលប្រកួតទល់នឹង Nottingham Forest ។ រូបគេជាកីឡាករជម្រើស១១នាក់ដំបូងចំនួន ៧ លើក ហើយបង្ហាញខ្លួនចុងក្រោយជាជម្រើសដំបូង នៅក្នុងការចាញ់ក្នុងដី ៣-០ ដោយ Bournemouth កាលពីថ្ងៃទី ៩ ខែធ្នូ។
ការវិលត្រឡប់របស់ Shaw និង Malacia ក្នុងខែនេះ ធ្វើឱ្យក្រុមបិសាចក្រហមបញ្ចប់លក្ខខណ្ឌខ្ចីជើងរបស់ Reguilon ដើម្បីវិលត្រឡប់ទៅកាន់ Spurs ដែលជាគូប្រជែង Premier League វិញ។
Spurs កំពុងឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង Premier League នៅក្រៅក្រុម Top 4 ១ពិន្ទុ តែមាន ៨ ពិន្ទុលើក្រុម Man United ៕