×

Man UTD ទំនងឱ្យខ្សែបម្រើ Sancho ខ្ចីជើងទៅកាន់ Borussia Dortmund

Man UTD និង Borussia Dortmund កំពុងស្ថិតក្នុងការចរចាគ្នាលើការការផ្ទេរយកខ្សែបម្រើ Jadon Sancho ក្រោមលក្ខខណ្ឌខ្ចីជើង ខណៈកីឡាករមួយចំនួនត្រូវបានក្លិបត្រៀមបញ្ចេញក្នុងទីផ្សារដោះដូរលើកទី២ នៅខែមករានេះ។

Dortmund ចង់ចុះហត្ថលេខានាំយក Sancho រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ ប៉ុន្តែក្លិបស្ថិតនៅអាល្លឺម៉ង់ចង់អោយ Man UTD បន្តផ្តល់ប្រាក់ឈ្នួលភាគច្រើនដល់កីឡាករសញ្ជាតិអង់គ្លេស។ កីឡាករវ័យ ២៣ឆ្នាំ មិនបានលេងអោយ Man UTD ចាប់តាំងពីខែសីហា បន្ទាប់ពីរូបគេមានបញ្ហាជម្លោះជាមួយនឹងគ្រូបង្វឹកលោក Erik ten Hag។

Jadon Sancho ត្រូវបានដកឈ្មោះចេញពីក្រុមធំ រយៈពេលជិត ៤ខែ ហើយក៏ត្រូវបានបង្ខំចិត្តអោយហ្វឹកហាត់ដោយខ្លួនគេផ្ទាល់ ក្រោមការគ្រប់គ្រងរបស់បុគ្គលិករបស់ក្លិប។ ចាប់តាំងពីពេលនោះមក រូបគេក៏ត្រូវបានចាប់អារម្មណ៍ពីក្លិប Juventus និង RB Leipzig ប៉ុន្តែមានការរាយការណ៍ថា សាមីកីឡាករផ្ទាល់មានបំណងចង់វិលត្រឡប់ទៅកាន់ក្លិប Dortmund វិញ។

កាលពីឆ្នាំ ២០២១ Sancho បានផ្លាស់មកកាន់ Man UTD ក្រោយការផ្ទេរក្នុងតម្លៃ ៧៣លានផោន ពី Borussia Dortmund។ គ្រូបង្វឹក Man UTD លោក Erik ten Hag ហាក់មិនសូវមានទំនុកចិត្តទៅលើ Sancho ប៉ុន្តែយ៉ាងណាក្លិបចង់កាត់បន្ថយការចំណាយមួយចំនួនទៅលើរូបគេ។ បច្ចុប្បន្នតម្លៃពលកម្មរបស់ Sancho ទទួលបានប្រមាណជាង ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលជាតម្លៃដ៏ថ្លៃមួយសម្រាប់ក្លិបនៅអឺរ៉ុបមួយចំនួន រួមទាំង Dortmund។

ដោយឡែក កីឡាករដទៃផ្សេងទៀតក៏ត្រូវបានគេដឹងថាត្រូវបានក្លិប Man UTD កំពុងសម្លឹងមើលការផ្ទេរ ឬលក់ចេញក្នុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាលនេះ។ ខ្សែការពារ Sergio Reguilon ដែលខ្ចីជើងមកពី Tottenham Hotspur ត្រូវបានផ្តាច់កុងត្រាមុនពេលកំណត់ ដោយ Man UTD បានបង្កើតលក្ខខណ្ឌបំបែកក្នុងកិច្ចព្រមព្រៀង ហើយកីឡាករសញ្ជាតិអេស្ប៉ាញត្រូវវិលត្រឡប់ទៅ Spurs វិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង