លោក Xavi Hernandez គ្រូបង្វឹក Barcelona បាននិយាយថា ពេលនេះមិនមែនជាពេលដែលក្រុមរបស់លោក ត្រូវគិតពីការនាំយក Kylian Mbappe ឬ Erling Haaland មកចូលរួមក្រុមនោះឡើយ។
កន្លងទៅថ្មីៗនេះមានការផ្សព្វផ្សាយថា Kylian Mbappe និង Erling Haaland កំពុងស្ថិតក្នុងគោលដៅផ្ទេរមកកាន់ទឹកដី Camp Nou។
ជាការពិត Kylian Mbappe នឹងត្រូវផុតកុងត្រាជាមួយ Paris Saint-Germain នៅខែមិថុនា ហើយរូបគេមិនទាន់សម្រេចថា ត្រូវបន្តកុងត្រា ឬ ចាកចេញពីក្លិបចាយលុយធំបារាំងនោះទេ។ រីឯ Erling Haaland សល់កុងត្រាដល់ទៅ៣ឆ្នាំទៀតជាមួយ Man City ប៉ុន្តែក៏មានការរាយការណ៍ថា រូបគេអាចនឹងទៅជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Robert Lewandowski នៅ Barcelona ផងដែរ។
ទោះយ៉ាងណា ឆ្លើយតបនឹងការផ្សព្វផ្សាយទាំងអស់នោះ លោក Xavi Hernandez បានធ្វើការបដិសេធ និង ថាក្រុមមិនបានគិតគូរពីការនាំយកកីឡាករទាំង២រូបឡើយ។ Barcelona អាចបិទបញ្ចប់ការដោះដូរកីឡាកររដូវរងារនេះ ត្រឹមការនាំយកខ្សែប្រយុទ្ធ Vitor Roque ហើយលោក Xavi ពុំបានលើកឡើងអំពីទីតាំងក្នុងក្រុមដែលត្រូវពង្រឹងបន្ថែមនាពេលអនាគតទេ។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន មុនការប្រកួតទល់ Las Palmas គ្រូបង្វឹក Barcelona រូបនេះ បាននិយាយថា “Haaland ឬ Mbappe មែនទេ? គួរឱ្យសោកស្ដាយ យើងពុំគិតអំពីការចុះហត្ថលេខាកីឡាករទាំង២នេះទេ។ ខ្ញុំផ្ដោតទៅលើតែកីឡាករដែលខ្ញុំមានប៉ុណ្ណោះ យើងត្រូវតែឈានដល់កម្រិតល្អបំផុត។”
សូមបញ្ជាក់ថា Barcelona នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ Las Palmas នាយប់នេះ ដោយពួកគេត្រូវការឈ្នះជាចាំបាច់ ដើម្បីអាចមានឱកាសតាមប្រកៀកក្រុមកំពូលតារាង Real Madrid និង Girona។ បច្ចុប្បន្ន Barcelona កំពុងឈរលេខ៤ ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga មាន ៣៨ពិន្ទុ ពី១៨ប្រកួត ស្មើពិន្ទុក្រុមលេខ៣ Atletico Madrid និងតិចជាង ១០ពិន្ទុពីក្រុមលេខ២ Girona និងក្រុមកំពូលតារាង Real Madrid ដែលមាន៤៨ពិន្ទុដូចគ្នា៕