×

ខ្សែការពារ Arsenal, Takehiro Tomiyasu រិះគន់កាលវិភាគប្រកួតពានរង្វាន់ Asian Cup និង African Cup of Nations មានផលប៉ះពាល់ដល់កីឡាករ

ខ្សែការពាររបស់ Arsenal, កីឡាករ Takehiro Tomiyasu បានធ្វើការរិះគន់កាលវិភាគការប្រកួតពានរង្វាន់ Asian Cup និង African Cup of Nations ដែលនឹងជះផលអាក្រក់ ដល់កីឡាករ។

ការប្រកួតពានរង្វាន់ទ្វីបអាស៊ី Asian Cup នឹងត្រូវចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ នាប្រទេសកាតា ចំណែកពានរង្វាន់ទ្វីបអាហ្វ្រិក African Cup of Nations នឹងធ្វើឡើង ចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈនាប្រទេសកូតឌីវ័រ ។

វាកើតឡើង៣ដងហើយ ដែលការប្រកួតពានរង្វាន់ទាំងពីរនេះ ត្រូវបានរៀបចំឡើងនៅក្នុងចន្លោះពីខែមករា ដល់ខែកុម្ភៈ ដែលជាពេលវេលាដែលតំបន់ស្ថិតនៅក្នុងទ្វីបអាហ្រ្វិក និងតំបន់មជ្ឈិមបូព៌ា មានសីតុណ្ហភាពលើសពីប្រមាណ ៥០អង្សាសេ ដែលវាត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់សម្រាប់កីឡាករបាល់ទាត់។

កីឡាករសញ្ជាតិជប៉ុន ស្នើឱ្យការប្រកួតពានរង្វាន់ប្រចាំទ្វីបទាំងពីរ រៀបចំនៅខែមិថុនា ក្រោយពេលរដូវកាលតាមលីគនីមួយបានបិទបញ្ចប់ និងពេលប្រកួតដូចទៅនឹងព្រឹត្តិការណ៍ UEFA Euro របស់តំបន់អឺរ៉ុប។

ជុំវិញបញ្ហានេះ Tomiyasu បាននិយាយប្រាប់ក្នុងកិច្ចសម្ភាសមួយថា៖ “ខ្ញុំចង់ឱ្យការប្រកួត Asian Cup រៀបចំឡើងនៅក្នុងខែមិថុនា ដូចទៅនឹងពានរង្វាន់របស់អឺរ៉ុប។ ខ្ញុំមិនដឹងទេថាហេតុអ្វីទើបយើងត្រូវលេងនៅក្នុងខែមករា មិនត្រឹមតែពានរង្វាន់ Asian Cup ឡើយ ប៉ុន្តែពានរង្វាន់ African Cup of Nations ដូចគ្នាដែរ។ វាមិនល្អសម្រាប់កីឡាករឡើយ ប៉ុន្តែវាជាអ្វីដែលបានកើតឡើង ហើយខ្ញុំនឹងព្យាយាមក្នុងការវិលត្រឡប់មកវិញជាមួយនឹងពានរង្វាន់ក្នុងដៃ។”

សម្រាប់ Arsenal អាចនឹងគ្មានវត្តមាន Takehiro Tomiyasu ដល់ទៅ ៦ប្រកួត ក្នុងនោះមានការប្រកួតក្របខណ្ឌ Premier League ចំនួន ៤ប្រកួត ប្រសិនបើក្រុមជប៉ុនឈានដល់ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Asian Cup នៅក្នុងប្រទេសកាតា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង