ក្លិប Premier League មួយចំនួនត្រូវបានរាយការណ៍ថាកំពុងមានបំណងនាំយកខ្សែប្រយុទ្ធ Roberto Firmino មកកាន់ប្រទេសអង់គ្លេសវិញ ក្រោយចាកចេញពី Liverpool ទៅប្រកបអាជីពនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចូលរួមជាមួយក្រុម Al-Ahli របស់ក្របខណ្ឌ Saudi Pro League កាលពីរដូវក្តៅមុន បន្ទាប់ពីបញ្ចប់រយៈពេល ៨ ឆ្នាំរបស់គាត់នៅកីឡដ្ឋាន Anfield ។
Firmino បានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួតដំបូងរបស់គាត់សម្រាប់ក្លិប Al-Ahli ប៉ុន្តែមិនបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន ១៨ ប្រកួតបន្ទាប់ឡើយ។ បន្ទាប់មក គាត់បានបាត់បង់ឪពុកបង្កើត ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៅក្នុងខែវិច្ឆិកា។
កីឡាករវ័យ ៣២ ឆ្នាំហាក់ដូចជាចង់ចែកផ្លូវពី Al-Ahli ហើយសារព័ត៌មាន talkSPORT បានរាយការណ៍ថា Fulham ស្ថិតក្នុងចំណោមក្រុម Premier League ចាប់អារម្មណ៍លើ Firmino ។
Sheffield United ក៏ត្រូវបានរាយការណ៍ថាមានចំណាប់អារម្មណ៍លើ Firmino ដែរ អំឡុងពេលលោក Paul Heckingbottom ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក។ ទោះបីជា Fulham កំពុងតែស្វែងរកខ្សែប្រយុទ្ធដែលមានបទពិសោធចាប់តាំងពី Aleksandar Mitrovic ផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីចូលរួមជាមួយក្លិប Al-Hilal ។
គួរបញ្ជាក់ថា Firmino បានបង្ហាញខ្លួនចំនួន ៣៦២លើកឱ្យក្រុមហង្សក្រហមពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ ២០២៣ ដោយស៊ុតបញ្ចូលទីបាន ១១១ គ្រាប់៕