លោក Pep Guardiola គ្រូបង្វឹករបស់ Manchester City បានកោតសរសើរដល់ Kevin de Bruyne បន្ទាប់ពីខ្សែបម្រើឆ្នើមរូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតដំបូងក្រោយត្រឡប់មកវិញពីរបួសជាង ៥ខែ។
De Bruyne ត្រូវបានប្ដូរចូលនៅនាទីទី៥៧ នៅក្នុងជ័យជម្នះរបស់ Man City លើក្រុម Huddersfield ដោយលទ្ធផល ៥-០ ក្នុងការប្រកួត FA Cup ជុំទីបី កាលពីយប់មិញ។ កីឡាករវ័យ ៣២ ឆ្នាំ បានទទួលស្លាកប្រធានក្រុមនៅពេលប្ដូរចូល ហើយបានបញ្ជូនបាល់ដ៏ល្អឱ្យ Jeremy Doku ដើម្បីរកគ្រាប់បាល់ទី៥សម្រាប់ក្រុមមេឃខៀវ។
ក្រោយការប្រកួត លោក Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “Kevin ត្រូវដឹងថាមនុស្សជាច្រើនស្រឡាញ់គាត់” ។ គេធ្វើបានល្អណាស់។ ដរាបណាគេមិនទាន់សម្រេចចិត្តចាកចេញ ឬចូលនិវត្តន៍ Kevinនៅតែជាកីឡាករដែលជាគេចូលចិត្តជារៀងរហូត។ យើងពិតជារីករាយសម្រាប់រូបគេខ្លាំងណាស់”។
គួររំឭកថា De Bruyne របួសបន្ទាប់ពីបានរហែកសរសៃពួរជើង អំឡុងពេល Man City ឈ្នះ ៣-០ លើ Burnley នៅថ្ងៃប្រកួតបើករដូវកាលថ្មី Premier League ២០២៣-២៤។ វាជារបួសចាស់ ក្នុងអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីខែឧសភា ដែលតម្រូវឱ្យ De Bruyne ទទួលការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។
លោក Guardiola មានការប្រុងប្រយ័ត្នខ្ពស់សម្រាប់សុខភាពរបស់ខ្សែបម្រើរូបនេះ ដោយបង្ហាញថា De Bruyne ប្រហែលជាមិនទាន់អាចលេងពេញ ៩០ នាទីភ្លាមៗនោះទេ។
លោកបន្ថែមថា៖ “ខ្ញុំបាននិយាយពីមុនថា គាត់ត្រូវការហ្វឹកហាត់ច្រើនជាងការប្រកួត។
យើងមានឱកាសមួយទៀតសម្រាប់គាត់នៅ Newcastle ហើយពួកយើងនឹងមានកន្លែងហ្វឹកហាត់ល្អនៅទីក្រុង Abu Dhabi ២សប្ដាហ៍បន្ទាប់”។
ការប្រកួតបន្ទាប់របស់ Man City គឺទល់នឹង Newcastle ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី ១៣ ខែមករា។ បន្ទាប់មកក្រុមត្រូវសម្រាក មុនការប្រកួត FA Cup ជុំទី៤ របស់ពួកគេនៅថ្ងៃទី ២៧ ឬ ២៨ ខែមករា៕