កីឡាការិនីខ្សែប្រយុទ្ធ Sam Kerr ប្រធានក្រុមនារី Chelsea រងរបួសសរសៃពួរ ACL អំឡុងពេលហ្វឹកហាត់ជាមួយនឹងក្រុមក្នុងជំរំហ្វឹកហាត់នៅប្រទេសម៉ារ៉ុក។
បើតាមការប្រកាសរបស់ក្លិបតោខៀវ ឱ្យដឹងថា កីឡាការិនី Sam នឹងត្រូវវាយតម្លៃដោយអ្នកឯកទេសក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់មកចាប់ផ្តើមការស្តារនីតិសម្បទាជាមួយនឹងក្រុមគ្រូពេទ្យរបស់ក្លិប។
សមាគមបាល់ទាត់អូស្ត្រាលី ក៏បាននិយាយបន្ថែមលើបញ្ហានេះថា មិនទាន់ដឹងពីពេលគ្រប់គ្រាន់សម្រាប់ការវិលត្រឡប់របស់កីឡាការិនី Sam Kerr ឡើយ ខណៈការខកខានសម្រាប់ការប្រកួតលីគកំពូលនារីអង់គ្លេស Women Super League 2023-24 ត្រូវបានរំពឹងទុក។
Sam Kerr ជាកីឡាការិនីបាល់ទាត់ដ៏ល្បីល្បាញមួយរូប និងជាកីឡាការិនីដំបូងគេដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យទាំងការប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup នារីឆ្នាំ ២០២៣។
នារីវ័យ ៣០ឆ្នាំ ចូលរួមជាមួយនឹងក្រុមនារី Chelsea តាំងពីឆ្នាំ ២០១៩ ដោយរកបានគ្រាប់បាល់ ៩៩គ្រាប់ នៅក្នុងការប្រកួតចំនួន ១២៨ប្រកួត និងជួយដល់ក្រុម Chelsea ឈ្នះពានរង្វាន់ជាច្រើន ព្រមទាំងពានរង្វាន់លីគកំពូលនារីចំនួន ៤លើក។
ប្រធានក្រុមជម្រើសជាតិអូស្ត្រាលី ក៏បានឈ្នះពានរង្វាន់ឯកត្តជនស្បែកជើងមាស ចំនួន ២លើក ជាមួយនឹងក្រុម Chelsea និងកាលពីឆ្នាំមុខជាកីឡាការិនីឈរនៅលំដាប់ថ្នាក់លេខ ២ សម្រាប់ពានរង្វាន់ Ballon d’Or បន្ទាប់ពីកីឡាការិនី Aitana Bonmati ដែលឈ្នះ។
ការរងរបួសសរសៃ ACL នេះមិនមែនត្រឹមតែមានកីឡាការិនី Sam Kerr មួយរូបឡើយ ដោយកីឡាការិនីជាច្រើនដូចជា Catarina Macario របស់ក្រុមអាមេរិក, Vivianne Miedema របស់ហូឡង់, Beth Mead និង Leah Williamson របស់អង់គ្លេស ដែលលេងឱ្យ Chelsea សុទ្ធតែជួបបញ្ហារបួសនេះដូចគ្នា។
ការរងរបួសនេះបង្កឡើងដោយសារតែពួកនាង បានឆ្លងកាត់ការប្រកួតញឹកញប់ ក្រោយជួយដល់ក្រុមជម្រើសជាតិក្នុងការប្រកួតពានរង្វាន់ Women World Cup 2023 រួចមក៕