×

Dortmund មានទំនុកចិត្តក្នុងការខ្ចីជើង Jadon Sancho ពី Man Utd បានជោគជ័យ

នាយកប្រតិបត្តិក្លិប Borussia Dortmund លោក Hans-Joachim Watzke មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងដើម្បីចុះហត្ថលេខាជាមួយ Jadon Sancho ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ។

ក្លិបទាំងពីរកំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ខ្សែបម្រើស្លាបវ័យ ២៣ ឆ្នាំរូបនេះ ចាប់តាំងពីការផ្ទេរពី Dortmund មក Man United ក្នុងតម្លៃ ៧៣ លានផោនកាលពីឆ្នាំ ២០២១។

លោក Watzke បានបញ្ជាក់ថា៖ “បញ្ហានេះមិនស្ថិតនៅលើពួកយើងទៀតហើយ។ ពួកយើងមានទំនាក់ទំនងល្អជាមួយ Manchester United ខ្ញុំមានសុទិដ្ឋិនិយម។
ពួកយើងចង់នាំយករូបគេមកចូលរួមក្រុម ប៉ុន្តែមិនទាន់ដល់ចំណុចដែលយើងអាចប្រកាសលទ្ធផលនៅឡើយទេ”។

Sancho ធ្លាប់ជាកីឡាករឆ្នើមរបស់ Dortmund បន្ទាប់ពីការចាកចេញពី Manchester City ក្នុងឆ្នាំ២០១៧ ដោយរកបាន ៥០ គ្រាប់និង បញ្ជូន ៦៤ដង ក្នុង ១៣៧ ប្រកួត។ ប៉ុន្តែខ្សែបម្រើស្លាបរូបនេះ រកបានតែ ១២ គ្រាប់ និង បញ្ជូន ៦ដងប៉ុណ្ណោះក្នុង ៨២ ប្រកួត បន្ទាប់ពីការមកដល់កីឡដ្ឋាន Old Trafford ។

Sancho បានមានទំនាស់ជាមួយអ្នកចាត់ការ Erik ten Hag ហើយទំនាក់ទំនងរវាងអ្នកទាំងពីរនៅតែល្អក់កករនឹងគ្នាដដែល ដោយពុំទាន់មានដំណោះស្រាយឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង