×

Tottenham Hotspur នាំយកខ្សែប្រយុទ្ធ Timo Werner ពី RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល

ក្លិប Tottenham Hotspur បាននាំយកខ្សែប្រយុទ្ធ Timo Werner ពីក្លិប RB Leipzig មកចូលរួមជាមួយខ្លួន ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ អមជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ផងដែរ ក្នុងតម្លៃប្រមាណ ១៥លានផោន។ នេះតាមការប្រកាសឱ្យដឹងពីក្លិបនៅក្របខណ្ឌ Premier League។

កីឡាករវ័យ ២៧ ឆ្នាំ បានត្រលប់មកកាន់ក្របខណ្ឌកំពូលរបស់អង់គ្លេសវិញ បន្ទាប់ពីបានស្នាក់នៅជាមួយក្លិប Chelsea អស់រយៈពេល ២ ឆ្នាំ ជាទីកន្លែងដែលរូបគេបានបង្ហាញខ្លួន ៨៩ ប្រកួត ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ និងបានជួយក្រុមតោខៀវ លើកពាន UEFA Champions League, UEFA Super Cup និង Club World Cup ។

កីឡាករជម្រើសជាតិអាល្លឺម៉ង់បានត្រលប់ទៅអតីតក្លិប RB Leipzig នៅឆ្នាំ ២០២២ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ៨ ដងក្នុងក្របខណ្ឌ Bundesliga នៅរដូវកាលនេះ។

Timo Werner អាចផ្តល់គុណផលរបស់ខ្លួនសម្រាប់ Tottenham Hotspur ដោយរក្សាតំបន់ប្រយុទ្ធជួរមុខឱ្យនៅរឹងមាំដដែល បន្ទាប់ពីក្រុមមាន់ខ្នាយមាស នឹងអវត្តមានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមគឺ Heung-min Son ដែលវិលទៅចូលរួមក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍ Asia Cup នាខែមករានេះ។

បច្ចុប្បន្ន Tottenham Hotspur ឈរនៅលេខរៀងទី ៥ ក្នុងតារាង Premier League ដោយមាន ៣៩ ពិន្ទុ ពី២០ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ៦ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង