×

Everton ឈ្នះរឿងក្ដីប្តឹងតវ៉ាប្រឆាំងនឹងការផ្ដល់កាតក្រហមដល់ Dominic Calvert-Lewin

Everton បានទទួលជោគជ័យក្នុងការប្តឹងតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលក្នុងការផ្ដល់កាតក្រហមដល់ Dominic Calvert-Lewin ក្នុងការប្រកួតជុំទីបី ពានរង្វាន់ FA Cup របស់ពួកគេទល់នឹង Crystal Palace ។

ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ បានប្រឈមមុខនឹងបម្រាម ៣ ប្រកួតសម្រាប់ការឧប្បត្តិហេតុជាមួយខ្សែការពារ Nathaniel Clyne ដែលនាំឱ្យទទួលបានកាតក្រហមជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។ ប៉ុន្តែសមាគមបាល់ទាត់អង់គ្លេស (FA) បានបដិសេធការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ដូច្នេះ Calvert-Lewin អាចត្រឡប់ទៅកាន់ការប្រកួតវិញភ្លាមៗ។

ក្រុមស្ករគ្រាប់ Everton នឹងត្រូវប្រកួតទល់នឹង Aston Villa ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ។

ឧប្បត្តិហេតុបានកើតឡើង នៅពេលដែលអាជ្ញាកណ្តាល Chris Kavanagh បានពិនិត្យមើលអេក្រង់ VAR បន្ទាប់ពីមានការអន្តរាគមន៍ពីមន្ត្រី VAR លោក Michael Salisbury មុនពេលជូនកាតក្រហមដល់ Calvert-Lewin នៅនាទីទី ៧៩ ។

លោក Sean Dyche អ្នកចាត់ការទូទៅរបស់ Everton បាននិយាយបន្ទាប់ពីការប្រកួតថា៖ “ខ្ញុំឆ្ងល់ណាស់ តើវា [ម៉ូនីទ័រ] នៅទីនោះសម្រាប់ធ្វើអ្វី។
អ្នកគាំទ្រគ្រប់រូបប្រហែលឆ្ងល់ដូចគ្នា ‘តើវាបានប្រយោជន៍អ្វី?’ យើងទាំងអស់គ្នាដឹងថាពួកគេនឹងយល់ព្រមជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេត្រូវបានគេប្រាប់”។

ក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្មានគ្រាប់បាល់ ហើយត្រូវប៉ះគ្នានៅជើងទីពីរ ជុំទីបី FA Cup វិញ នៅកីឡដ្ឋាន Goodison Park នៅថ្ងៃទី១៧ ខែមករា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង