ខ្សែបម្រើស្លាបរបស់ Manchester United និងអង់គ្លេស Jadon Sancho បានចូលរួមជាមួយក្លិប Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រយៈពេលដែលនៅសល់នៃរដូវកាល ២០២៣-២៤ ។
កីឡាករវ័យ ២៣ ឆ្នាំបានផ្លាស់ទៅកាន់កីឡដ្ឋាន Old Trafford ក្នុងកិច្ចព្រមព្រៀង ៧៣ លានផោនពីក្លិបអាល្លឺម៉ង់ Dortmund កាលពីខែកក្កដា ឆ្នាំ ២០២១ ។ ប៉ុន្តែ Sancho មិនបានលេងឱ្យ Man Utd ចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីមានជម្លោះជាមួយអ្នកចាត់ការ Erik ten Hag ។
Sancho បាននិយាយថា៖ “នៅពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានត្រឡប់មកផ្ទះរបស់ខ្ញុំវិញហើយ។ ខ្ញុំស្គាល់ក្លិបនេះទាំងក្នុង និងក្រៅ ខ្ញុំតែងតែមានភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រនៅទីនេះ ហើយខ្ញុំមិនដែលបាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងនោះទេ”។
កីឡាករអង់គ្លេសបន្តថា៖ “ខ្ញុំអន្ទះសាចង់ជួបមិត្តរួមក្រុមរបស់ខ្ញុំម្តងទៀតណាស់ ចេញទៅក្រៅទីលាន លេងបាល់ទាត់ដោយស្នាមញញឹម បញ្ជូនបាល់ ស៊ុតបញ្ចូលទី និងជួយឱ្យក្រុមមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Champions League”។
Sancho បានបញ្ចប់ការពិនិត្យសុខភាពកាលពីថ្ងៃពុធ ហើយត្រូវបានគេរំពឹងថានឹងចូលរួមជំរុំហ្វឹកហាត់នៅពាក់កណ្តាលរដូវកាលរបស់ក្លិបនៅ Marbella ។
Dortmund នឹងបង់ប្រាក់ចំនួន ៣,៥ លានអឺរ៉ូ ជាមួយនឹងប្រាក់បន្ថែមរហូតដល់ ៤ លានអឺរ៉ូ សម្រាប់ការបង្ហាញខ្លួន ការជួយក្រុមសម្រាប់ក្របខណ្ឌ Champions League និងវគ្គជម្រុះ។ កិច្ចព្រមព្រៀងនេះ គ្របដណ្តប់លើប្រាក់ឈ្នួលភាគច្រើនរបស់ Sancho ហើយសាមីកីឡាករអាចទទួលបានប្រាក់ឈ្នួលនិងរង្វាន់ លើសពីអ្វីដែលគេទទួលបានពី Man Utd ៕