ការស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមរបស់ Mohamed Salah បានជួយឱ្យក្រុមជម្រើសជាតិអេហ្ស៊ីប តាមស្មើជាមួយនឹងក្រុមម៉ូហ្សាមប៊ិក ក្នុងការប្រកួតបើកឆាកក្នុងពូល B របស់ពួកគេក្នុងព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ២០២៣ ។
អេហ្ស៊ីបបានបើកការនាំមុខដោយគ្រាប់បាល់របស់កីឡាករ Mostafa Mohamed បន្ទាប់ពីប្រើពេលត្រឹមតែ ៨៩ វិនាទីប៉ុណ្ណោះ។ ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់ម៉ូហ្សាមប៊ិកពី Witi និង Clesio បានផ្តល់នូវក្តីសង្ឃឹមក្នុងការកត់ត្រាការឈ្នះជាលើកដំបូងរបស់ពួកគេនៅពានរង្វាន់ Afcon ។
ប៉ុន្តែក្តីសុបិនរបស់ពួកគេត្រូវបានរលាយសូន្យនៅពេលដែល Domingos Macandza បង្កកំហុសលើ Mohamed ហើយ Salah បានស៊ុតប៉េណាល់ទីនៅក្នុងម៉ោងបន្ថែម។ VAR បានធ្វើអន្តរាគមដើម្បីណែនាំអាជ្ញាកណ្តាល Dahane Beida ទៅមើលអេក្រង់នៅលើទីលាន ដើម្បីពិនិត្យកំហុស។
Salah ដែលនឹងត្រូវអវត្តមានសម្រាប់ការប្រកួតរបស់ក្រុម Liverpool ដើម្បីចូលរួមក្នុងកម្មវិធី Afcon បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ក្នុងការឈ្នះពាន Nations Cup ជាលើកដំបូង បន្ទាប់ពីអេហ្ស៊ីបធ្លាប់ចាញ់ពីរដងក្នុងវគ្គផ្តាច់ព្រ័ត្រ រួមទាំងកាលពី 2 ឆ្នាំមុននៅប្រទេសកាមេរូនផងដែរ ប៉ុន្តែគ្រូបង្វឹក Rui Vitoria របស់ពួកគេថាក្រុមរបស់គាត់ ត្រូវតែធ្វើឱ្យល្អជាងការប្រកួតទីមួយនេះ ប្រសិនបើអេហ្ស៊ីបចង់ក្លាយជាជើងឯក។
ការប្រកួត១គូទៀត ក្រុមខេបវើដេ យកឈ្នះហ្គាណា ដោយលទ្ធផល ២-១ ដូច្នេះ អេហ្ស៊ីប និង ម៉ូហ្សាមប៊ិក ឈរនៅលេខ២ និងលេខ៣ មាន១ពិន្ទុស្មើគ្នា៕