ក្លិប Sevilla នៅលីគកំពូលអេស្ប៉ាញ បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើ Hannibal Mejbri ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបអង់គ្លេស Manchester United ដល់ចប់រដូវកាល។
កីឡាករវ័យ ២០ ឆ្នាំ បានធ្វើដំណើរទៅចូលរួមលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី ក្នុងពានរង្វាន់ Africa Cup of Nations ប៉ុន្តែរូបគេបានធានាអនាគតរួចហើយជាមួយក្លិបថ្មី។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេសឱ្យដឹងថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងជម្រើសក្នុងការទិញផ្តាច់ នៅចុងបញ្ចប់នៃរដូវកាល២០២៣-២៤ ក្នុងតម្លៃ ២០ លានអឺរ៉ូ ខណៈ Man UTD ក៏បានបញ្ចូលលក្ខខណ្ឌអាចទិញកីឡាករត្រឡប់មកវិញបានក្នុងតម្លៃ ៣៥ លានអឺរ៉ូ ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៦ ។
Hannibal Mejbri បានបង្ហាញខ្លួនចំនួន ១៣ ដងសម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០២១ ហើយបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Birmingham City ផងដែរ។
រូបគេបានលេងឱ្យក្រុមទុយនេស៊ីនៅព្រឹត្តិកាណ៍ FIFA World Cup 2022 និងព្រឹត្តិការណ៍ Arab Cup 2021 ដែលទុយនេស៊ីបានតំណែងរងជើងឯក ហើយខ្លួនគេផ្ទាល់បានជាប់ឈ្មោះជាកីឡាករល្អក្នុងការប្រកួតដល់ទៅ២ដង។
Hannibal Mejbri គឺជាកីឡាករ Man UTD មួយរូបទៀតដែលបានចូលរួមជាមួយ Sevilla បន្ទាប់ពីខ្សែបម្រើ Adnan Januzaj ដែលបានផ្ទេរទៅកាន់ទឹកដី Ramon Sanchez កាលពីឆ្នាំ២០២២៕