×

Everton និង Nott’m Forest ប្រឈមនឹងការកាត់ពិន្ទុ ក្រោយរកឃើញប្រព្រឹត្តខុសច្បាប់ប្រាក់ចំណេញនិងនិរន្តរភាព

ស្ថាប័ន Premier League បានចោទប្រកាន់ក្លិបបាល់ទាត់ Everton និង Nottingham Forest ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួនក្នុងរយៈពេល៣រដូវកាលចុងក្រោយ។

នៅក្រោមបទប្បញ្ញត្តិ Premier League ក្លិបត្រូវបានអនុញ្ញាតឱ្យអាចខាតបង់ទឹកប្រាក់អតិបរមា ១០៥ លានផោនក្នុងរយៈពេល ៣ រដូវកាល ឬ ៣៥ លានផោនក្នុងមួយរដូវកាល ហើយក្លិបដែលខាតបង់លើសពីទំហំទឹកប្រាក់នេះ ប្រឈមនឹងការផាកពិន័យ ឬកាត់ពិន្ទុ។

បច្ចុប្បន្ន Everton កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ចេញ ១០ ពិន្ទុពីការចោទប្រកាន់មុនមួយផ្សេងទៀត។ ការចោទប្រកាន់លើកនេះ គឺជាលើកទី២ ដែលក្រុមស្ករគ្រាប់អាចនឹងត្រូវកាត់ពិន្ទុបន្ថែមទៀត។

ក្របខណ្ឌ Premier League បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Everton និង Nottingham Forest ៖ “បានសារភាពថាពួកគេបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព។នេះគឺជាលទ្ធផលនៃការបាត់បង់និរន្តរភាពលើសពីកម្រិតដែលត្រូវបានអនុញ្ញាតសម្រាប់រយៈពេលត្រឹមរដូវកាល ២០២២-២៣។

Premier League បន្តថា៖ “តាមច្បាប់ Premier League ពេលនេះសំណុំរឿងទាំងពីរត្រូវបានបញ្ជូនទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះដែលនឹងតែងតាំងគណៈកម្មការឯករាជ្យដើម្បីកំណត់ការដាក់ទណ្ឌកម្មដ៏សមស្រប។”

ក្លិបទាំងពីរ មានពេល ១៤ ថ្ងៃដើម្បីឆ្លើយតបជាផ្លូវការ ហើយមានពេល ១២ សប្តាហ៍សម្រាប់ប្ដឹងឧទ្ធរណ៍។ សវនាការលើបណ្តឹងឧទ្ធរណ៍ត្រូវតែធ្វើឡើងមុនថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ ហើយត្រូវដោះស្រាយមុនថ្ងៃទី១ ខែមិថុនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង