×

Mo Salah ចាកចេញពីការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក ដើម្បីមកព្យាបាលរបួសនៅក្លិប Liverpool

Mohamed Salah នឹងត្រលប់ទៅកាន់ក្លិប Liverpool ដើម្បីព្យាបាលរបួសជើង ដែលបានកើតឡើងអំឡុងការប្រកួតក្នុងពានរង្វាន់ទ្វីបអាហ្វ្រីក Africa Cup of Nations ប៉ុន្តែក្រុមជម្រើសជាតិអេហ្ស៊ីប បានបង្ហាញក្ដីសង្ឃឹមថា គាត់អាចត្រលប់មកជួយក្រុមវិញ បើក្រុមអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Salah បានរងរបួសក្នុងការប្រកួតស្មើ 2-2 របស់អេហ្ស៊ីបជាមួយហ្គាណាកាលពីថ្ងៃព្រហស្បតិ៍ក្នុងពូល B ។ អ្នកចាត់ការ Liverpool លោក Jurgen Klopp បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា “វាសមហេតុផលដែល គាត់មកព្យាបាលជាមួយពួកយើង”។

អេហ្ស៊ីប ត្រូវជួបជាមួយក្រុម Cape Verde នៅថ្ងៃចន្ទ ហើយនឹងឈានទៅវគ្គបន្ត ជាមួយនឹងជ័យជម្នះ។ សមាគមបាល់ទាត់អេហ្ស៊ីបបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្សែប្រយុទ្ធ Liverpool, Salah នឹងមានវត្តមាននៅក្នុងការប្រកួតម្ដងទៀត ប្រសិនបើក្រុមរបស់គាត់ឈានទៅវគ្គ ពាក់កណ្ដាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ២ ឬ ៣ ខែកុម្ភៈ។

លោក Klopp បានផ្តល់យោបល់កាលពីថ្ងៃសុក្រថា បញ្ហាសរសៃពួររបស់ Salah ទំនងជាធ្ងន់ធ្ងរ។ បុរសជនជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា៖ “នេះគឺជារបួសសរសៃពួរដែលប្រភេទខុសៗគ្នា។ គាត់យល់ពីអារម្មណ៍មួយនេះ ហើយយើងដឹងថា Mo កម្រចាកចេញ ឬត្រូវដកឈ្មោះចេញណាស់ ដូច្នេះវាពិតជាមិនមែនរបួសតូចតាចទេ”។

Mo Salah បានខកខានពីការប្រកួតលីគចំនួន ១០ ដងតែប៉ុណ្ណោះ សម្រាប់ក្រុមហង្សក្រហម ក្នុងរយៈពេលជាង ៦ រដូវកាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង