×

ខ្សែប្រយុទ្ធ Mohamed Salah ត្រូវត្រឡប់ទៅ Liverpool ព្យាបាលរបួសសរសៃពួរ

ខ្សែប្រយុទ្ធ Mohamed Salah នឹងត្រូវវិលត្រឡប់ទៅកាន់ក្រុម Liverpool វិញដើម្បីព្យាបាលរបួសសរសៃពួរ ក្រោយពីរូបគេបានរងរបួសនៅក្នុងការប្រកួតទល់ហ្គាណា នៅក្នុងការប្រកួតពានរង្វាន់ African Cup of Nations 2023 នៅក្នុងប្រទេសកូតឌីវ័រ។

បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អេហ្ស៊ីប EFA កីឡាករវ័យ៣១ឆ្នាំ ត្រូវព្យាបាលរបួសជាមួយនឹងក្លិប ស្របតាមការស្នើសុំរបស់លោក Jurgen Klopp ដែលជាគ្រូបង្វឹក Liverpool ។ ការស្នើសុំកើតឡើងក្រោយ Liverpool ឈ្នះ Bournemouth ៤-០ នៅក្របខណ្ឌ Premier League។

កាលសប្តាហ៍មុន Salah រងរបួសសរសៃពួរ នៅត្រឹមវគ្គទីមួយ ក្នុងការប្រកួតទល់ហ្គាណា ខណៈពេលក្រុមកំពុងតែនាំមុខ ប៉ុន្តែក្រោយពេលគេជួបប្រទះបញ្ហានេះ ក្រុមហ្គាណា បានស្វែងរកគ្រាប់បាល់ស្មើមកវិញ ដើម្បីបង្អាក់ដំណើរអេហ្ស៊ីប ក្នុងការឈ្នះកៅអីវគ្គ ១៦ក្រុម។

លោក Klopp បានស្នើសុំ Salah វិលត្រឡប់មកកាន់ក្លិបវិញ ដើម្បីព្យាបាលបញ្ហារបួស ក៏ដូចជាធ្វើការងារជាមួយក្រុមគ្រូពេទ្យរបស់ក្លិបដើម្បីអាចអោយរូបគេឆាប់វិលចូលការប្រកួត។

លោក Klopp បានថា “វាជាគម្រោង យ៉ាងណាគេនឹងត្រូវខកខានរយៈពេលវែង វាប្រហែលជាសមហេតុផល ក្នុងការព្យាបាលជាមួយយើង ។ ការព្យាបាលនឹងអាចជួយ Salah ឆាប់ជាសះស្បើយ ប៉ុន្តែមិនធានាសម្រាប់ការអាចវិលត្រឡប់ទៅកាន់ការប្រកួត African Cup of Nations ។”

សូមបញ្ជាក់ថា អេហ្ស៊ីបឈរលេខ ២ មាន ៣ពិន្ទុក្នុងពូល B ហើយពួកគេនឹងចាប់ដៃជាមួយក្រុមកាប់វែ ដែលឈរកំពូលតារាងមាន៧ពិន្ទុ ដើម្បីបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ African Cup of Nations៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង