×

លោក Pochettino រំពឹងឈ្នះពានទីមួយជាមួយ Chelsea ក្រោយដឹកនាំពីចំណុចសូន្យ

គ្រូបង្វឹក Chelsea លោក Mauricio Pochettino បាននិយាយថា គាត់ពិតជាចង់ឈ្នះពានរង្វាន់ដំបូងនៅអង់គ្លេសជាខ្លាំង បន្ទាប់ពីបានដឹកនាំក្រុម Chelsea ពីចំណុចសូន្យ ទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ។

ក្រុមតោខៀវ បានប្រកួតចាញ់ Middlesbrough ១-០ ក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបានសងសឹកជាមួយជ័យជម្នះ ៦-១ ទល់នឹងក្រុមមកពីក្របខណ្ឌ Championship នៅជើងទីពីរ នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។

Pochettino ដែលបានឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកចាត់ការរបស់គាត់នៅ Paris St-Germain បាននិយាយថា៖ “ខ្ញុំពិតជាចង់ឈ្នះឈ្នះពាននៅទីនេះ។ ក្នុងរយៈពេលមួយឆ្នាំកន្លះនៅប៉ារីស យើងបានឈ្នះពានរង្វាន់ចំនួន៣ ហើយខ្ញុំចង់ឈ្នះពានមួយនៅទីនេះ”។

Chelsea នឹងប្រកួតជាមួយ Liverpool ឬ Fulham នៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៥ ខែកុម្ភៈ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទីមួយរបស់ Chelsea ចាប់តាំងពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ EFL Cup និង FA Cup ដែលបានប្រកួតចាញ់ Liverpool ដោយការស៊ុតបាល់ប៉េណាល់ទីទាំងពីរក្នុងឆ្នាំ២០២២។

Pochettino បានដឹកនាំ Tottenham Hotspur ដល់វគ្គផ្ដាច់ព្រ័ត្រ FA Cup ក្នុងឆ្នាំ២០១៥ ដែលប្រកួតចាញ់ Chelsea និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ដែលចាញ់ក្រោមស្នាដៃ Liverpool ក្នុងឆ្នាំ២០១៩ ។

អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បានជួយឱ្យ Chelsea មានទម្រង់ល្អប្រសើរក្នុងពេលថ្មីៗនេះ បន្ទាប់ពីឈ្នះ ៥ប្រកួតក្នុង ៦ប្រកួតចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្នុងនោះទទួលបរាជ័យ១លើកគឺចាញ់ Middlesbrough ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង