×

គ្រូ Chelsea បង្ហាញភាពធូរស្រាល ក្រោយក្រុមបន្តឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup

គ្រូបង្វឹក Chelsea លោក Maurico Pochettino បានបង្ហាញពីភាពធូរស្រាលនៅក្នុងចិត្ត ក្រោយពីក្រុមតោខៀវរបស់លោកបានបន្តឡើងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពានរង្វាន់ EFL Cup។

ជាការពិត Chelsea បានឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ក្រោយឈ្នះ Middlesbrough នៅវគ្គ៤ក្រុមចុងក្រោយ ជើងទី២ លទ្ធផល ៦-១។ ការឈ្នះនេះ បានជួយលោក Pochettino ធូរស្បើយពីបញ្ហានៅក្នុងក្រុម បន្ទាប់ពីពាក់កណ្តាលរដូវកាលនៅ Premier League មានលទ្ធផលមិនសូវល្អ។

Chelsea បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងក្របខណ្ឌ Premier League ហើយការប្រកួតនៅជើងទីមួយពាន EFL Cup កាល ២សប្តាហ៍មុន ក្រុមរបស់លោក Pochettino ក៏ភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើង Middlesbrough លទ្ធផល ១-០។ យ៉ាងណា ការប្រកួតជើងទី២ Chelsea បានឈ្នះវិញ ដើម្បីបញ្ចប់ការប្រកួតទាំងពីរជើងលទ្ធផលសរុប ៦-២ និងបន្តឡើងវគ្គផ្តាច់ព្រ័ត្រ។

ជ័យជម្នះបានជួយ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ឱ្យមានភាពរីករាយចំពោះយុទ្ធសាស្ត្រក្រុមដែលរកបានគ្រាប់បាល់បានច្រើន ខុសពីការប្រកួតជើងទីមួយ។
លោក Pochettino បានឱ្យដឹងថា៖ “យើងធ្វើបានល្អជាមួយនឹងបច្ចេកទេសស្វែងរកគ្រាប់បាល់ ទោះជើងទីមួយយើងខកចិត្ត។”

Chelsea ម្ចាស់ជើងឯក EFL Cup ៥សម័យ ដែលធ្លាប់ឈ្នះពានរង្វាន់លំដាប់ទី៣ នេះលើកចុងក្រោយបំផុតនៅឆ្នាំ ២០១៥ នឹងត្រូវមកជួបក្រុម Liverpool ដែលបានឈ្នះ Fulham ក្នុងលទ្ធផលសរុបទាំង២ជើង ៣-២។ ក្រុមទាំង២នឹងជួបគ្នា នៅថ្ងៃទី ២៥ ខែកុម្ភៈ នាកីឡដ្ឋាន Wembley ។

សូមរំលឹកដែរថា កាល ២ឆ្នាំមុន Chelsea ធ្លាប់បានចាញ់ក្រោមថ្វីជើងរបស់ Liverpool នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នេះ នៅក្នុងកីឡដ្ឋាន Wembley ហើយកាលនោះចាញ់ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ១១-១០ ក្រោយស្មើគ្នា ០-០ នៅ១២០នាទី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង