គ្រូបង្វឹក Union Berlin លោក Nenad Bjelica ទទួលរងពិន័យ៣ប្រកួត សម្រាប់ការច្រានទៅលើមុខខ្សែប្រយុទ្ធ Leroy Sane របស់ Bayern Munich។
រឿងហេតុ បានកើតឡើងក្នុងនាទីទី៧៤ នៃការប្រកួត Bundesliga កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅ រវាង Bayern Munich និង Union Berlin នៅពេលដែល Sane ព្យាយាមយកបាល់ពីលោក Bjelica នៅតំបន់របស់គ្រូបង្វឹក។
លោក Bjelica ក៏ត្រូវបានពិន័យជាទឹកប្រាក់ ២៥,០០០អឺរ៉ូផងដែរ ចំពោះទង្វើហិង្សាទៅលើមុខរបស់ Sane ហើយទទួលបានកាតក្រហមភ្លាមៗពីអាជ្ញាកណ្ដាល។
រំឭកថា គ្រូបង្វឹកជនជាតិក្រូអាតវ័យ៥២ឆ្នាំ នឹងខកខានឈរបញ្ជាកូនក្រុម ក្នុងប្រកួត Bundesliga ទល់នឹង Darmstadt, RB Leipzig និង Mainz៕