ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយថា លោកទទួលយកការសម្រេចចិត្តរបស់លោក Xavi Hernandez ក្នុងការសុំលាលែងពីតំណែងជាគ្រូបង្វឹកក្រុមរហស្សមានអ្នកមានបុណ្យមួយនេះ។
ជាការពិត ថ្មីៗនេះ លោក Xavi បានប្រកាសថា លោកនឹងចាកចេញពីតំណែងគ្រូបង្វឹកក្រុម Barcelona នៅដំណាច់រដូវកាល២០២៣-២៤នេះ។ អតីតខ្សែបម្រើឆ្នើមក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញវ័យ៤៤ឆាំ្នរូបនេះ បានចូលកាន់តំណែងកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីចាកចេញពីក្លិប Al Sadd នៅប្រទេសកាតា។
បុរសវ័យ៤៤ឆ្នាំ បានដឹកនាំ Barcelona ឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ La Liga នៅរដូវកាល ២០២២-២៣ ប៉ុន្តែសម្រាប់រដូវកាលនេះ ក្រុមយក្សអេស្ប៉ាញនេះកំពុងធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយការបរាជ័យក្នុងផ្ទះខ្លួនឯងលទ្ធផល ៥-៣ កាលពីថ្ងៃទី២៧ ខែមករា ទល់នឹងក្រុម Villarreal ធ្វើអោយពួកគេមាន៤៤ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ៣ តាមពីក្រោយក្រុមកំពូលតារាង Real Madrid រហូតដល់១០ពិន្ទុឯណោះ។
លោក Xavi បានថ្លែងថា៖ “ខ្ញុំធ្លាប់ជាបុរសឆ្នើមរបស់ក្លិបមួយនេះ។ ខ្ញុំបានផ្តល់គ្រប់យ៉ាងដែលខ្ញុំមាន ហើយខ្ញុំនឹងបន្តធ្វើដូច្នេះ ដើម្បីធ្វើឱ្យអ្នកគាំទ្រមានមោទកភាព។ ខ្ញុំគិតថាក្លិបត្រូវការការផ្លាស់ប្តូរថាមវន្ត។ យើងលេងដោយមានភាពតានតឹងខ្លាំង ហើយដើម្បីភាពល្អរបស់ក្រុមប្រឹក្សាភិបាល វាគឺជាការល្អបំផុតដែលខ្ញុំចាកចេញ។ ខ្ញុំនឹងផ្តល់ឱ្យអស់ពីសមត្ថភាព។ ខ្ញុំគិតថាអ្វីៗទាំងអស់នឹងជួយឱ្យមានការផ្លាស់ប្តូរយ៉ាងស្វាហាប់ នេះជាគឺសារដែលខ្ញុំចង់ផ្តល់ជូនអ្នកគ្រប់គ្នា។ ខ្ញុំគិតថា ខ្ញុំកំពុងធ្វើរឿងដ៏ត្រឹមត្រូវ។”
ឆ្លើយតបនឹងការលើកឡើងរបស់លោក លោក Xavi នេះ ប្រធានក្លិប Barcelona លោក Joan Laporta បានអះអាងថា៖ “ខ្ញុំទទួលយកការសម្រេចចិត្តមួយនេះ ព្រោះខ្ញុំគោរពលោក Xavi។ លោកគឺជាវិរបុរសរបស់ក្លិប ជាបុគ្គលស្មោះត្រង់ និង ជាអ្នកគ្រប់គ្នាស្រឡាញ់បំផុតនៅ Barcelona។”
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Xavi ក្រុម Barcelona បានឈ្នះជើងឯក La Liga ១ដង និង Spanish Super Cup ១ដង ។ ទោះយ៉ាងណា ការធ្លាក់ទម្រង់លេងយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ ពិតគឺជាសម្ពាធដ៏ធ្ងន់សម្រាប់បុរសជនជាតិអេស្ប៉ាញ រហូតឈានដល់ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលបែបនេះ៕