លោក Jurgen Klopp បានប្រកាសជាផ្លូវការថា ខ្លួននឹងចាកចេញពីតំណែងជាគ្រូបង្វឹកក្រុម Liverpool នៅបញ្ចប់រដូវកាល២០២៣-២៤។ នេះបើតាមការបញ្ជាក់អោយដឹងពីក្លិបនៅក្របខណ្ឌ Premier League។
ជារឿងដ៏ភ្ញាក់ផ្អើល និងខកចិត្តបំផុតសម្រាប់អ្នកគាំទ្រ និងអ្នកគ្រប់គ្នាក្នុងក្លិប Liverpool បន្ទាប់ពីលោក Jurgen Klopp បានប្រកាសថា លោកនឹងចាកចេញពីតំណែងជាគ្រូបង្វឹក នៅបញ្ចប់រដូវកាលនេះ ក្រោយចំណាយពេលជិត៩ឆ្នាំជាមួយក្រុមរហស្សនាមហង្សក្រហម។
មូលហេតុនៃការសម្រេចចិត្តចាកចេញនេះ លោក Klopp បានបញ្ជាក់ថា ដោយសារលោកអស់កម្លាំងក្នុងការដឹកនាំ។ បុរសសញ្ជាតិអាល្លឺម៉ង់វ័យ៥៦ឆ្នាំរូបនេះ បាននិយាយថា៖ “ខ្ញុំមិនដែលចង់ធ្វើជាអ្នកដំណើរនោះទេ។ ជំនាញដឹកនាំរបស់ខ្ញុំគឺផ្អែកលើថាមពល អារម្មណ៍ ទំនាក់ទំនង ហើយត្រូវការអ្នកទាំងអស់គ្នា។ ខ្ញុំគឺជាខ្ញុំ ទោះនៅទីណាក៏ដោយ ហើយបើខ្ញុំមិនអាចដូចបែបនេះតទៅទៀតទេ ខ្ញុំត្រូវការបញ្ឈប់វា។”
ចាប់តាំងពីចូលរួមជាមួយ Liverpool នៅក្នុងឆ្នាំ ២០១៥ លោក Jurgen Klopp បានដឹកនាំក្រុមមួយនេះពីការធ្លាក់ទម្រង់លេងជាច្រើនឆ្នាំត្រឡប់ទៅរកភាពខ្លាំងបំផុតនៃបាល់ទាត់អឺរ៉ុបរបស់ពួកគេវិញ ជាពិសេសការឈ្នះពានរង្វាន់ UEFA Champions League និងពានរង្វាន់លីគក្នុងស្រុក English Premier League លើកដំបូងរបស់ពួកគេកាលពីរដូវកាល ២០១៩-២០ ក្រោយខកខានអស់រយៈពេល៣០ឆ្នាំ។
ក្រៅពីលោក Jurgen Klopp ហើយ ជំនួយការរបស់លោក២រូបទៀតគឺលោក Pepijn Lijnders និងPeter Krawietz ក៏នឹងចាកចេញពី Liverpool ក្នុងពេលជាមួយគ្នាដែរ។
ប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនបានរាយការណ៍ថា លោក Xabi Alonso ជាគោលដៅធំបំផុតរបស់ Liverpool ដើម្បីជំនួសកៅអីរបស់លោក Jurgen Klopp ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ និងជាអតីតខ្សែបម្រើឆ្នើមរបស់ Liverpool វ័យ៤២ឆ្នាំរូបនេះ កំពុងជោគជ័យយ៉ាងខ្លាំងក្នុងនាមជាគ្រូបង្វឹក Bayer Leverkusen នៅលីគកំពូលអាល្លឺម៉ង់។ Leverkusen មិនស្គាល់ចាញ់សោះ ២៧ប្រកួតនៅក្នុងគ្រប់កកម្មវិធីទាំងអស់ ដោយឈ្នះ២៤ប្រកួតក្នុងលីគ និងកំពុងឈរកំពូលតារាងមាន៤៩ពិន្ទុ នាំមុខ២ពិន្ទុពីលើក្រុម Bayern Munich ៕