យុទ្ធនាការ Africa Cup of Nations ២០២៣ របស់ក្រុមជម្រើសជាតិអេហ្ស៊ីបបានបញ្ចប់ហើយ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីបានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោមថ្វីជើងរបស់ក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈក្រុមហ្គីណេ និងនីហ្សេរីយ៉ា បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយផងដែរ។
អេហ្ស៊ីបបានចាកចេញដោយមិនបានទទួលជ័យជម្នះក្នុងការប្រកួតចំនួន ៤ របស់ពួកគេ បន្ទាប់ពីប្រធានក្រុម និងតារាឆ្នើមរបស់ខ្លួនពោលគឺ Mohamed Salah បានរងរបួស ដែលត្រូវត្រឡប់ទៅព្យាបាលនៅក្លិប Liverpool ។
ការចាកចេញរបស់ក្រុមរហស្សនាមប៉ារ៉ាអុង បានកើតឡើង ដោយការស៊ុតបាល់ប៉េណាល់ទី ៨ ទល់នឹង ៧ បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ១-១ នៅម៉ោងធម្មតា និងម៉ោងបន្ថែម។
កីឡាករ Meschack Elia បានជួយកុងហ្គោ នាំមុខនៅទីក្រុង San-Pedro នៅនាទីទី៣៧ មុនពេល Mostafa Mohamed តាមស្មើឱ្យអេហ្ស៊ីបពីការស៊ុតបាល់ប៉េណាល់ទីនៅវគ្គទីមួយ។
វាគឺរឿងដ៏ជូរចត់សម្រាប់អេហ្ស៊ីប ដែលបានមកកាន់ប្រទេសកូតឌីវ័រ ដោយសង្ឃឹមថានឹងឈ្នះពានរង្វាន់ Afcon ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១០ ពោលគឺមួយឆ្នាំមុនពេល Salah បង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់គាត់។ ប៉ុន្តែពួកគេបានទទួលលទ្ធផលស្មើ ៣ លើក បន្ទាប់ពីបាត់បង់តារាឆ្នើមរបស់ក្រុម Liverpool ដោយសាររបួសសរសៃពួរ ក្នុងការប្រកួតទីពីររបស់ពួកគេជាមួយនឹងក្រុមហ្គាណា៕