ក្រុម Liverpool អាចនឹងប្រឈមមុខនឹងជួបការលំបាក ប្រសិនបើតារា Virgil van Dijk និង Mohamed Salah ដើរតាមអ្នកចាត់ការ Jurgen Klopp ដែលបានប្រកាសចែកផ្លូវពីក្លិបហង្សក្រហម កាលពីពេលថ្មីៗនេះ។
លោក Klopp នឹងចុះចេញពីតំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេល ៩ ឆ្នាំ។ ប្រធានក្រុម Van Dijk បាននិយាយថា ខ្លួនមិនដឹងទេថាតើខ្លួននឹងក្លាយជាផ្នែកមួយនៃយុគសម័យថ្មីក្រោមការដឹកនាំរបស់អ្នកចាត់ការបន្ទាប់ ខណៈខ្សែប្រយុទ្ធ Salah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លិប Liverpool ។
ការប្រកាសរបស់ Klopp បានកើតឡើងស្របពេលដែល Liverpool កំពុងប្រជែងពានរង្វាន់ចំនួន ៤ ក្នុងរដូវកាលនេះ។ ពួកគេឈរនៅកំពូលតារាង Premier League និងត្រៀមប៉ះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ EFL Cup ហើយកំពុងលេងនៅក្នុងពានរង្វាន់ក្នុងស្រុក FA Cup និងពានរង្វាន់អឺរ៉ុប Europa League ។
គួរបញ្ជាក់ថា លោក Klopp បានឈ្នះពានរង្វាន់ Champions League ១លើក, Premier League ១លើក, FA Cup ១លើក និង EFL Cup ១លើកជាមួយ Liverpool ហើយកីឡាករ Salah វ័យ ៣១ ឆ្នាំ និង Van Dijk ដែលមានវ័យ ៣២ ឆ្នាំ គឺជាផ្នែកមួយនៃភាពជោគជ័យនោះផងដែរ។
Salah ដែលទើបតែត្រឡប់ពីជួយក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងពានរង្វាន់ Africa Cup of Nations 2023 បានស៊ុតបញ្ចូលទី ២០៤គ្រាប់ក្នុង ៣៣២ ប្រកួតសម្រាប់ Liverpool ខណៈខ្សែការពារកណ្តាល Van Dijk បានជំនួសតំណែងប្រធានក្រុមពីកីឡាករ Jordan Henderson ដែលបានចាកចេញ។
ចំណែក ខ្សែការពារស្លាបស្តាំ Trent Alexander-Arnold ដែលពោរពេញដោយបទពិសោធ ក៏នឹងត្រូវផុតកុងត្រានៅដំណាច់រដូវកាលក្រោយផងដែរ៕