គ្រូបង្វឹក Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងបញ្ជីបេក្ខភាពកំពូលទាំងបីរូបរបស់ក្លិប Barcelona ដើម្បីមកជំនួសតំណែងរបស់លោក Xavi នៅរដូវកាលក្រោយ។
លោក Xavi បានធ្វើការប្រកាសជាផ្លូវការថាលោកនឹងដើរចេញពីក្លិប Barcelona នៅចុងបញ្ចប់រដូវកាលនេះ ក្រោយពេលលោកបានដឹកនាំក្រុមចាញ់ ៥–៣ ក្រោមថ្វីជើងរបស់ Villarreal ។
គ្រូបង្វឹករបស់ក្រុម Arsenal លោក Arteta គឺជាឈ្មោះសំខាន់មួយក្នុងចំណោមឈ្មោះដែល Barcelona បានជ្រើសរើសសម្រាប់ធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន នៅរដូវកាលក្រោយ។
លោក Deco នាយកផ្នែកកីឡារបស់ Barcelona ក៏កំពុងស្ថិតក្នុងដំណើរការពិភាក្សាជាមួយភ្នាក់ងាររបស់បេក្ខភាពគ្រូបង្វឹកក្រុមនាពេលអនាគតរួចរាល់ហើយផងដែរ។
ទន្ទឹមនឹងនេះ លោក Jurgen Klopp របស់ Liverpool ក៏ស្ថិតក្នុងបញ្ជីនេះផងដែរ ដោយបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានធ្វើការបញ្ជាក់រួចរាល់ហើយផងដែរថា លោកនឹងចាកចេញពីកីឡដ្ឋាន Anfield ក្រោយបញ្ចប់រដូវកាលនេះ។
ហើយមិនតែប៉ុណ្ណោះ សម្រាប់បេក្ខភាពមួយផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីសម្រិតសម្រាំងរបស់ Barcelona ត្រូវបានជឿថា គឺជាលោក Julian Nagelsmann ដែលបច្ចុប្បន្នកំពុងរៀបចំដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ការប្រកួតពានរង្វាន់ UEFA Euro 2024៕