×

លោក Mikel Arteta ថាខ្លួនអាចនឹងទៅដឹកនាំក្រុមនៅ Premier League ផ្សេងទៀត ចំពេលមានទំនាក់ទំនងជាមួយ Barcelona

គ្រូបង្វឹក Arsenal លោក Mikel Arteta ថ្មីៗនេះ ហាក់មិនបានច្រានចោលជុំវិញលទ្ធភាពក្នុងការទៅដឹកនាំក្រុមផ្សេងទៀតនៅ Premier League នោះឡើយ ចំពេលកំពុងមានការរំពឹងទុកជាច្រើនពាក់ព័ន្ធជាមួយនឹងអនាគតរបស់លោក នៅក្លិបអេស្ប៉ាញ Barcelona ។

ជាក់ស្តែង ការលើកឡើងបែបនេះ បានកើតឡើងចំពេលមានរបាយការណ៍ជាច្រើន បានអះអាងពីទំនាក់ទំនងរបស់លោក Arteta ជាមួយនឹងក្លិប Barcelona ជុំវិញការទៅជំនួសតំណែងរបស់លោក Xavi ដែលនឹងត្រូវចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះ។

យ៉ាងណាមិញ នៅក្នុងសន្និសីទសារព័ត៌មាន លោក Arteta បានចេញមុខច្រានចោលជុំវិញពាក្យចចាមអារ៉ាមទាំងឡាយដែលផ្សារភ្ជាប់រវាងលោក និងក្លិប Barcelona ។

ប៉ុន្តែ នៅពេលត្រូវបានគេសួរនាំថាលោកនឹងចាប់អារម្មណ៍ក្នុងការទៅដឹកនាំក្រុមផ្សេង នៅ Premier League នាពេលអនាគតដែរឬទេ ខណៈបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បានឆ្លើយបតវិញថា៖ “ចំពោះពេលបច្ចុប្បន្នមិនអាចទេ ប៉ុន្តែខ្ញុំមិនអាចដឹងនាពេលអនាគតទេ ខ្ញុំធ្លាប់បានចំណាយពេលច្រើនរួចមកហើយនៅក្នុងប្រទេសនេះ ហើយខ្ញុំមិនដឹងទេ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនាពេលខាងមុខនោះទេ។”

សូមបញ្ជាក់ថា លោក Mikel Arteta បានចូលមកកាន់តំណែងជាគ្រូបង្វឹក Arsenal កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយបានជួយក្រុមឈ្នះពានរង្វាន់ FA Cup ២ដង និង FA Community Shield ២ដងផងដែរ។

ដោយឡែក សម្រាប់ Barcelona វិញ ពួកគេបានសម្លឹងឃើញបេក្ខភាព៣រូបមកជំនួសតំណែងលោក Xavi Hernandez ដែលក្នុងនោះមានលោក Mikel Arteta លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool និងលោក Julian Nagelsmann ដែលបច្ចុប្បន្នកំពុងរៀបចំដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ការប្រកួតពានរង្វាន់ UEFA Euro 2024៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង