×

កីឡាករសំខាន់២រូប មិនច្បាស់លាស់ពីអនាគតខ្លួនជាមួយ Liverpool ពេលលោក Jurgen Klopp លាលែងពីតំណែងគ្រូបង្វឹក

Liverpool អាចនឹងប្រឈមមុខនឹង ការបញ្ចប់យុគសម័យនៃភាពខ្លាំង នៅរដូវក្តៅនេះ ក្នុងករណីដែលកីឡាករសំខាន់ៗ២រូបរួមាន ខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Mohamed Salah នឹងមិនភាពច្បាស់លាស់ពីអនាគតរបស់ខ្លួន នៅពេលដែលគ្រូបង្វឹក លោក Jurgen Klopp លាលែងពីតំណែងនៅដំណាច់រដូវកាលនេះ។

ជាការពិត លោក Klopp បានប្រកាសថា នឹងចុះចេញពីដំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីកាន់តំណែងរយៈពេល ៩ឆ្នាំ។

ប្រធានក្រុម Virgil Van Dijk និយាយថារូបគេ មិនដឹងថាតើនឹងក្លាយជាផ្នែកនៃ យុគសម័យថ្មីរបស់ក្លិប ឫយ៉ាងណានៅឡើយទេ ខណៈដែលខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានផ្សព្វផ្សាយថា អាចនឹងចាកចេញទៅកាន់ក្លិបថ្មី។

ការប្រកាសចាកចេញរបស់លោក Jurgen Klopp ស្របពេលក្លិបរហស្សនាមហង្សក្រហម កំពុងស្ថិតក្នុងការប្រជែងយកពានចំនួន៤។ ពួកគេឈរនៅកំពូលតារាង Premier League ហើយនឹងប៉ះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅថ្ងៃទី២៥ខែកុម្ភៈ។ Liverpool នៅតែស្ថិតក្នុងការប្រជែងយកពាន FA Cup និង UEFA Europa League ដូចគ្នា។ បែរទៅក្របខណ្ឌ Premier League វិញ Liverpool កំពុងឈរកំពូលតារាង មាន៤៨ពិន្ទុ ពីលើ ក្រុមលេខ២ Arsenal ២ពិន្ទុ។

លោក Jurgen Klopp បានជួយ Liverpool ឈ្នះពានរង្វាន់ UEFA Champions League, Premier League, FA Cup និង EFL Cup ជាមួយ Salah វ័យ ៣១ ឆ្នាំ និង Van Dijk វ័យ ៣២ ឆ្នាំ ដែលពួកគេទាំង២សុទ្ធសឹងជាកីឡាករសំខាន់ នៃភាពជោគជ័យនោះ។

Salah កីឡាករជម្រើសជាតិរបស់អេហ្ស៊ីបបានស៊ុតបញ្ចូលទី ២០៤គ្រាប់ ក្នុង ៣៣២ ប្រកួតសម្រាប់ Liverpool ខណៈដែលខ្សែការពារកណ្តាល Van Dijk ជំនួស Jordan Henderson ជាប្រធានក្រុមហង្សក្រហម កាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង