×

ប្រធានក្រុម Liverpool, Virgil van Dijk បង្ហាញភាពស្រពេចស្រពិលអំពីអនាគតរបស់ខ្លួន

សារព័ត៌មាន Dailymail នៅអង់គ្លេសបានរាយការណ៍ឱ្យដឹងថា ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បានបង្ហាញពីក្ដីស្រពេចស្រពិលអំពីអនាគតរបស់ខ្លួននៅក្លិប Liverpool។

ជាការពិត កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Liverpool លោក Jurgen Klopp បានសម្រេចចាកចេញពីតំណែង នៅចប់រដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយគ្នាជិត ១០ ឆ្នាំ ហើយគ្រូជំនួយជាច្រើនរូបទៀត ក៏នឹងចាកចេញជាមួយលោក Klopp ដែរ។

សម្រាប់ ខ្សែការពារសញ្ជាតិហុល្លង់ Virgil van Dijk វិញ មានកុងត្រារហូតដល់ឆ្នាំ ២០២៥ ជាមួយក្លិប Liverpool។ យ៉ាងណា រូបគេបានសារភាពថា ខ្លួនមិនច្បាស់ទេថាតើនឹងត្រូវស្ថិតនៅក្នុងគម្រោងរបស់ក្លិបឬយ៉ាងណាទេ នៅពេលដែលលោក Jurgen Klopp ចាកចេញពីតំណែងទៅនោះ។

ក្នុងន័យនេះ ពេលអ្នកសារព័ត៌មានសួរថា កីឡាករនឹងបន្តនៅ Liverpool ឬអត់ ក្រោយពេលលោក Klopp ចាកចេញ Virgil van Dijk បានលើកឡើងថា៖ “ខ្ញុំមិនដឹងនោះទេ ចាំមើលសភាពការណ៍សិន ជាពិសេសទិសដៅទៅមុខរបស់ក្លិប ព្រោះការផ្លាស់ប្តូរនេះមានទ្រង់ទ្រាយធំ ដោយមិនមែនដូរតែគ្រូបង្វឹកមួយរូបទេ តែដូរទាំងគ្រូបង្វឹកផ្សេងៗទៀត។”

មិនមែនមានតែ Van Dijk ទេ ជិតផុតកុងត្រា។ កីឡាករបង្គោលមួយចំនួនដូចជា Mohamad Salah និង Trent Alexander-Arnold សុទ្ធតែមានកុងត្រាផុតកំណត់នៅឆ្នាំ ២០២៥។

សូមបញ្ជាក់ថា Virgil van Dijk បានចូលរួមជាមួយ Liverpool កាលពីខែធ្នូ ឆ្នាំ២០១៧ ដោយមកទល់ពេលនេះគេបង្ហាញខ្លួនបាន ២៤៧ដង ស៊ុតបាន២១គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League ១ដង FA Cup ១ដង EFL Cup ១ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង