×

គ្រូ Man UTD ថា កីឡាករត្រូវមានវិន័យទាំងក្នុងនិងក្រៅទីលាន ក្រោយមានរឿងរ៉ាវរបស់ Marcus Rashford

គ្រូបង្វឹក Man UTD លោក Erik ten Hag បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករបាល់ទាត់ត្រូវការវិន័យ ទាំងនៅក្នុង និង ក្រៅទីលាន។

ការលើកឡើងរបស់គ្រូបង្វឹកជនជាតិហុល្លង់ គឺកើតឡើងបន្ទាប់ពីរយៈពេល ១សប្តាហ៍ដែល ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុមបិសាចក្រហម ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បន្ទាប់ពីលួចចូលទៅលេងនៅក្លិបកម្សាន្តក្នុងទីក្រុង Belfast ។

បន្ទាប់មក កីឡាករវ័យ ២៦ឆ្នាំ បានរាយការណ៍ថា មានជំងឺ និង បានខកខានការហ្វឹកហាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានអវត្តមានពីការប្រកួត FA Cup កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Newport County ។

លោក Erik ten Hag បានបដិសេធមិនបរិយាយពីស្ថានភាពរបស់ Marcus Rashford ទេ ប៉ុន្តែនៅពេលត្រូវបានសួរនាំអំពីការដាក់ពិន័យទៅលើកីឡាករនោះ លោក ten Hag បានអះអាងថា Rashford បានត្រូវទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើ។

គ្រូបង្វឹកវ័យ៥៣ឆ្នាំ បានថ្លែងថា៖ “ការដាក់ពិន័យលើ Marcus Rashford វាមិនពាក់ព័ន្ធនឹងលោកទេ ហើយវាជាការទទួលខុសត្រូវរបស់គេ តែថា នៅក្នុងកីឡាបាល់ទាត់ កីឡាករត្រូវតែមានវិន័យ ទាំងនៅក្នុងនិងក្រៅទីលាន។”

រដូវកាលនេះ Rashford ហាក់មានភាពលំបាក ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ប៉ុណ្ណោះ ពី២៦ប្រកួតគ្រប់កម្មវិធី ខណៈរដូវកាលមុនគេអាចរកបានដល់ទៅ៣០គ្រាប់ ពី៥៦ប្រកួត។

ដោយឡែក Man UTD នឹងត្រូវបន្តការប្រកួតក្របខណ្ឌ Premier League របស់ខ្លួន ដោយត្រូវ ប៉ះ Wolverhampton នៅពាក់កណ្តាលសប្តាហ៍នេះ។ បច្ចុប្បន្ន Man UTD កំពុងឈរលេខ៩ក្នុងតារាងពិន្ទុ ដោយមាន៣២ពិន្ទុ ក្រោយឆ្លងកាត់ ២១ប្រកួតរួចមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង