អ្នកចាត់ការទូទៅរបស់ក្រុម Manchester United លោក Erik ten Hag បាននិយាយថាគាត់មានការព្រួយបារម្ភអំពីរបួសរបស់ Lisandro Martinez ដែលបានកើតឡើងក្នុងជ័យជម្នះ ៣-០ លើ West Ham ដោយថាចាត់ទុកថាវាជារបួសធ្ងន់ធ្ងរសម្រាប់ខ្សែការពាររូបនេះ។
Martinez បានដួលក្នុងវគ្គទីពីរ បន្ទាប់ពីព្យាយាមការពារបាល់ពីខ្សែការពារ Vladimir Coufal ។ កីឡាករអន្តរជាតិអាហ្សង់ទីនអាយុ ២៦ ឆ្នាំ បានលេងតែ ៣ប្រកួតប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ បន្ទាប់ពីសម្រាកអស់រយៈពេលជាង ៣ ខែដោយរបួសជើង។
Ten Hag បាននិយាយថា៖ “វាមើលទៅមិនល្អទេ។ យើងត្រូវរង់ចាំពីរបីថ្ងៃសម្រាប់ការធ្វើរោគវិនិច្ឆ័យ។ រូបគេមានការសោកស្តាយ និងខកចិត្តខ្លាំងណាស់ យើងទាំងអស់គ្នាពិតជាសោកស្ដាយសម្រាប់រូបគេ។”
Martinez បានខកខាននៅក្នុងការប្រកួតសរុបចំនួន ២២ ដោយសាររបួសជើង មុនពេលគាត់ត្រលប់មកវិញជាមួយសម្រាប់ការប្រកួតទល់នឹង Tottenham Hotspur កាលពីថ្ងៃទី១៤ ខែមករា៕