×

នាយកផ្នែកកីឡាក្លិប Barcelona បង្ហាញការពេញចិត្តលោក Jurgen Klopp ដើម្បីមកជំនួសលោក Xavi

នាយកផ្នែកកីឡារបស់ក្លិប Barcelona លោក Deco បានចេញមុខនិយាយកោតសរសើរចំៗទៅលើគ្រូបង្វឹក Liverpool លោក Jurgen Klopp ថាជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ចំពេលក្លិបរហស្សនាមអ្នកមានបុណ្យ កំពុងស្វែងរកបេក្ខភាពថ្មី ដើម្បីមកជំនួសតំណែងរបស់គ្រូបង្វឹកលោក Xavi ។

ជាក់ស្តែង កាលពីខែមុន លោក Xavi បានប្រកាសជាផ្លូវការរួចហើយថា លោកនឹងដើរចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Barcelona នៅចុងបញ្ចប់រដូវកាលនេះ ខណៈនេះហាក់បានទុកពេលឱ្យក្លិបសល់ពេលច្រើន ដើម្បីស្វែងរកអ្នកថ្មីមកជំនួសវិញ។

ទន្ទឹមជាមួយគ្នានេះ លោក Klopp ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកនឹងចាកចេញពីក្លិប Liverpool នៅរដូវក្តៅខាងមុខនេះដូចគ្នា បន្ទាប់ពីចាយពេលអស់រយៈពេល ៩ឆ្នាំនៅទឹកដី Anfield ។

នៅពេលត្រូវបានសួរអំពីការផ្លាស់ប្តូរដែលអាចកើតមានណាមួយ សម្រាប់តំណែងគ្រូបង្វឹកថ្មីរបស់ក្រុម Barcelona លោក Deco បានបញ្ជាក់ថា៖ “លោក Jurgen Klopp ជាគ្រូបង្វឹកដ៏អស្ចារ្យ ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីរឿងទាំងនេះទេ។ គ្រូបង្វឹកថ្មីនឹងចង់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែដំបូងយើងត្រូវពន្យល់ពីគម្រោង និងគំនិតរបស់យើងដល់ពួកគេជាមុនសិន។ ហើយបច្ចុប្បន្នយើងកំពុងមានជម្រើសជាច្រើន។”

សូមបញ្ជាក់ថា លោក Xavi Hernandes ចូលមកដឹកនាំ Barcelona នៅរដូវកាលដំបូង ២០២២-២៣ ដោយលោក បានជួយដឹកនាំក្រុមចេញពីស្ថានភាពអាក្រក់ដោយការឈ្នះពាន La Liga និង Spanish Super Cup ។ តែនៅក្នុងរដូវកាលថ្មីពានរង្វាន់ចំនួន ២ Spanish super Cup និង Copa del Rey បានរបូតអស់ ខណៈនៅសល់តែពានរង្វាន់ La Liga និងពានរង្វាន់ UEFA Champions League ប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង