Arsenal នឹងត្រូវរងការផាកពិន័យ ជាទឹកប្រាក់ប្រមាណ ២៥០ ០០០ ផោនក្រោយពីកីឡាកររបស់ពួកគេ បានទទួលកាតលឿងដល់ទៅ៦លើកអំឡុងការប្រកួតជាមួយ Liverpool។
ជាការពិត ការប្រកួតក្របខណ្ឌ Premier League នាទឹកដី Emirate កាលពីចុងសប្តាហ៍កន្លងទៅ Arsenal បានយកឈ្នះ ទៅលើ Liverpool ៣-១ តែការប្រកួតនោះលោកអាជ្ញាកណ្តាល Anthony Taylor បានចាយកាតច្រើនគួរសម ដោយក្រុមម្ចាស់ផ្ទះទទួលពិន័យដល់ទៅ ៦ លើក ខណៈក្រុមភ្ញៀវ ទទួលបានកាតលឿង ៤ និងកាតក្រហម ១។
កីឡាករក្រុម Arsenal ដឹកនាំដោយគ្រូបង្វឹកលោក Mikel Arteta ដែលបានបង្កកំហុសមាន Ben White, Gabriel Magalhaes, Jakub Kiwior, William Saliba, Declan Rice និង Kai Havertz។
តាមច្បាប់របស់ សមាគមបាល់ទាត់អង់គ្លេស FA បើការប្រកួត មានការពិន័យកាតលឿងចាប់ពី ៦ លើក ទៅលើកីឡាកររបស់ក្រុមមួយ នោះពួកគេនឹងត្រូវពិន័យសាច់ប្រាក់បន្ថែមទៀតក្រោយចប់ប្រកួត។ ដូច្នេះជាលទ្ធផល ខាង FA ត្រូវតែពិន័យជាទឹកប្រាក់ ទៅលើក្រុមកាំភ្លើងធំ។
ករណីស្រដៀងគ្នានេះ បានកើតឡើងរួចមកហើយ កាលពីដើមរដូវកាល ក្នុងការប្រកួតដែល Liverpool ចាញ់លើទឹកដី Tottenham Hotspur ២-១ ដោយពេលនោះកីឡាករក្រុមហង្សក្រហមត្រូវរងការពិន័យ កាតលឿង ៨ លើក រីឯការប្រកួតដែល Chelsea ចាញ់ Wolverhampton ២-១ កីឡាករក្រុមតោខៀវរងការពិន័យកាតលឿង ៦ លើក ដែលតម្រូវឱ្យក្រុមត្រូវបង់ការផាកពិន័យបន្ថែម។
សូមបញ្ជាក់ថា Arsenal កំពុងឈរលេខ ៣ នៅតារាងពិន្ទុក្របខណ្ឌ Premier League មាន ៤៩ពិន្ទុស្មើ្កក្រុមលេខ២ Man City តែនាំក្រុមកាំភ្លើងធំលេងច្រើនជាង១ប្រកួត។ ការប្រកួតបន្ទាប់ របស់ Arsenal នឹងត្រូវទៅជួបក្រុម West Ham នៅចុងសប្តាហ៍នេះ៕