×

កីឡាករ Chelsea មួយចំនួនសោកស្តាយដែលចុះកុងត្រារយៈពេលវែង

មានការរាយការណ៍ឱ្យដឹងថា កីឡាករ Chelsea មួយចំនួននៅក្នុងក្រុមរបស់លោក Mauricio Pochettino ហាក់បានបង្ហាញពីការស្តាយក្រោយ បន្ទាប់ពីបានសម្រេចចិត្តចុះហត្ថលេខាលើកុងត្រារយៈពេលវែងជាមួយក្លិប។

ជាក់ស្តែង ចាប់តាំងពីសហម្ចាស់ក្លិប លោក Todd Boehly បានចូលកាន់តំណែងបន្តពីលោក Roman Abramovich កាលពីខែឧសភា ឆ្នាំ២០២២ មក ក្រុម Chelsea បានសម្រេចចិត្តផ្តល់កិច្ចសន្យារយៈពេលវែងដល់កីឡាករចំណូលថ្មីរបស់ពួកគេជាច្រើនរូប។

តួយ៉ាង Mykhailo Mudryk ដែលបានផ្ទេរមកចូលរួមជាមួយក្លិប កាលពីក្នុងខែមករាឆ្នាំ ២០២៣ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៨ ឆ្នាំកន្លះ ខណៈ Enzo Fernandez ដែលបានមកដល់ក្នុងទីផ្សារដោះដូរកីឡាករដូចគ្នាក៏បានចុះកុងត្រាដល់ឆ្នាំ ២០៣១ ផងដែរ។

ក្រៅពីនេះ កីឡាករ Moises Caicedo និង Nicolas Jackson ក៏ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០៣១ ផងដែរ ស្របពេលកីឡាករចំណូលថ្មីផ្សេងទៀត ដូចជា Robert Sanchez, Benoit Badiashile, Djordje Petrovic, Noni Madueke, Cole Palmer, Malo Gusto, Romeo Lavia, Lesley Ugochukwu និង Deivid Washington សុទ្ធសឹងតែជាប់កុងត្រារហូតដល់ឆ្នាំ២០៣០ ឯណោះ។

ឥឡូវនេះ មានការអះអាងថា កីឡាករចំណូលថ្មីមួយចំនួនរបស់ Chelsea បានសម្តែងការសោកស្តាយ ចំពោះកិច្ចសន្យារយៈពេលវែងដែលពួកគេបានចុះហត្ថលេខា។ មានការបង្ហើបឱ្យដឹងថា សហម្ចាស់ក្លិប Chelsea លោក Todd Boehly និង Behdad Eghbali មិនមានទំនាក់ទំនងជិតស្និទ្ធដែលនាំឱ្យខ្វះការរួបរួមក្នុងយុទ្ធសាស្ត្រអភិវឌ្ឈន៍ក្រុម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង