
ខ្សែការពារ Lisandro Martinez របស់ Man UTD នឹងត្រូវអវត្តមានរហូតដល់ទៅ ៨ សប្តាហ៍ ឬ រហូតដល់ខែមេសា ដោយសារ របួសសរសៃពួរជង្គង់។
កីឡាករវ័យ២៦ឆ្នាំ បានទទួលរងរបួសនេះ នៅក្នុងការប្រកួតដែល Man UTD ឈ្នះ West Ham ដោយលទ្ធផល ៣-០ នៅក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
ក្នុងការប្រកួតនោះ Martinez បានដួលក្នុងវគ្គទី២ បន្ទាប់ពីព្យាយាមការពារបាល់ពី Vladimir Coufal ហើយបើតាមការអះអាងពីក្លិបបិសាចក្រហមបានអោយដឹងថា គេមានការប៉ះពាល់ដល់ជង្គង់ស្តាំ ប៉ុន្តែសម្រាប់របួសនេះ រូបគេមិនតម្រូវឱ្យមានការវះកាត់នោះទេ។
អតីតសមាជិក Ajax ទើបតែចូលលេងវិញជាលើកទី៣ ឱ្យក្រុម Man UTD ក្រោយសម្រាកអស់រយៈពេលជាង ៣ខែ ដោយសាររបួសជើងកាលពីខែតុលាកន្លងតៅ។
ក្លិបបិសាចក្រហមបាននិយាយថា Lisandro Martinez នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨សប្តាហ៍ ឬ អាចធូរស្បើយឆាប់បំផុតនៅអំឡុងខែមេសា។
ដោយឡែក បច្ចុប្បន្ន ក្រុម Man UTD កំពុងឈរលេខ៦ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន៣៨ពិន្ទុ ក្រោយឆ្លងកាត់ ២៣ប្រកួតរួចមក។ ការប្រកួតជាបន្ត Man UTD នឹងត្រូវធ្វើដំណើរទៅជួបក្រុម Aston Villa នាកីឡដ្ឋាន Villa Park ចុងសប្តាហ៍នេះ៕