×

កីឡាករ Man Utd ៣រូប អាចចាកចេញពីក្លិប ក្រោយសេដ្ឋីអង់គ្លេសកំពុងរុះរើក្រុម

ក្លិប Manchester United អាចនឹងមានការចាកចេញពីសំណាក់កីឡាករមួយចំនួននៅក្នុងពេលឆាប់ៗនេះ បើទោះជាទីផ្សារដោះដូរកីឡាករត្រូវបានបិទក៏ដោយ។

ក្លិបនៅ Premier League ឈរនៅចំណាត់ថ្នាក់លេខ៦ក្នុងលីគ ដោយបានរងបរាជ័យ៩លើក និងចាញ់ ១៤លើកនៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ពួកគេក៏បានចាកចេញពីក្របខណ្ឌ UEFA Champions League ក្នុងវគ្គចែកពូលផងដែរ។

ការវិនិយោគ ១,៣ ពាន់លានផោនរបស់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ដែលស្មើនឹង ២៥% នៃភាគហ៊ុនក្លិប បាននាំឱ្យមានសំណួរអំពីទិសដៅរបស់ក្លិបនាពេលអនាគតផងដែរ។ យោងតាមរបាយការណ៍ មហាសេដ្ឋីអង់គ្លេសរូបនេះ កំពុងចាប់ផ្តើមយុគសម័យថ្មី ដែលធ្វើឱ្យកីឡាករ ៣នាក់នឹងចាកចេញពីក្លិប ទោះបីជាទីផ្សារដោះដូរកីឡាករនៅខែមករា បានបិទកាលពីសប្តាហ៍មុនក៏ដោយ។

កីឡាករ Christain Eriksen ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Galatasaray ក្នុងខែនេះ។ យោងតាមសារព័ត៌មាន ESPN រាយការណ៍ថា ក្លិបយក្សនៅប្រទេសតួកគី អាចធ្វើការទាក់ទងសម្រាប់ខ្សែបម្រើមុនពេលបិទទីផ្សារដោះដូរកីឡាកររបស់ពួកគេ នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ។

កីឡាករម្នាក់ទៀតដែលស្ថិតក្នុងបញ្ជីនៃការចាកចេញពីកីឡដ្ឋាន Old Trafford គឺ Anthony Martial ដែលបានចំណាយពេល ៩ ឆ្នាំនៅ Manchester ។ កីឡាករសញ្ជាតិបារាំងរូបនេះ ទទួលការចាប់អារម្មណ៍ពីក្លិប Fenerbahce នៅដើមរដូវកាលនេះ។ សារព័ត៌មាន Sky Sports បានអះអាងថា ពួកគេបានដាក់សំណើដេញថ្លៃដែលមានតម្លៃ ៦,៨ លានផោនកាលពីខែមុន។

ខ្សែការពារ Raphael Varane គឺជាកីឡាករបន្ទាប់ ដែលអាចចាកចេញពី Manchester ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយក្លិបរបស់អតីតមិត្តរួមក្រុម Real Madrid របស់គាត់ ពោលគឺ Cristiano Ronaldo នៅ Al-Nassr ក្នុងក្របខណ្ឌ Saudi Pro League ។

ទោះបីជាយ៉ាងណាក៏ដោយ Varane ត្រូវបានរាយការណ៍ថា ក៏អាចផ្លាស់ទៅក្របខណ្ឌ MLS អាមេរិក បន្ទាប់ពីលោក Ten Hag បានជ្រើសរើស Harry Maguire សម្រាប់ជម្រើស១១នាក់ដំបូងជំនួសកីឡាករបារាំងរូបនេះ ក្នុងជ័យជម្នះ ៣-០ របស់ United លើក្រុម West Ham កាលពីចុងសប្តាហ៍មុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង