Manchester City អាចនឹងអវត្តមានកីឡាករ ចំនួន២រូប ពេលដែលពួកគេត្រូវ ធ្វើដំណើរទៅជួបក្រុម Copenhagen ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នាយប់នេះ។
ជាក់ស្តែង កីឡាករទាំង២រូប ដែលអាចនឹងអវត្តមាននោះគឺ ខ្សែបម្រើ Mateo Kovacic និងខ្សែការពារ Josko Gvardiol។
កីឡាករក្រូអាតទាំងពីរ បានអវត្តមានពីវគ្គហ្វឹកហាត់ចុងក្រោយរបស់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប មុនពេលក្រុមធ្វើដំណើរទៅប្រទេសដាណឺម៉ាក ដើម្បីជួបក្រុម Copenhagen ។
Kovacic បានខកខានវត្តមានក្នុងការប្រកួតឈ្នះ ២-០ របស់ Man City លើក្រុម Everton ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ខណៈកីឡាករវ័យ ២៩ ឆ្នាំរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលការបន្តជាសះស្បើយពីរបួសដែលកើតឡើងនាពេលកន្លងទៅ។ រីឯ Gvardiol វិញ គឺជាកីឡាករបម្រុងដែលមិនទាន់អាចប្រើប្រាស់បាន។
ក្រុម Man City ដែលដឹកនាំដោយគ្រូបង្វឹកលោក Pep Guardiola បានលើកពាន UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីខែមិថុនាកន្លងទៅ ដែលជាផ្នែកមួយនៃការឈ្នះពានរង្វាន់ចំនួន៣ ក្នុងមួយរដូវកាលជាប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។
ឥឡូវនេះ Man City កំពុងតែប្រឹងប្រែងដើម្បីបន្តការការពារតំណែងជើងឯករបស់ពួកគេនៅក្នុងការប្រកួតក្រៅដីទល់នឹងក្រុមជើងឯករបស់ដាណឺម៉ាក Copenhagen បន្ទាប់ពីក្រុមរហស្សនាមមេឃខៀវនេះ កំពុងមានលទ្ធផលយ៉ាងល្អក្នុងពានរង្វាន់កំពូលអឺរ៉ុបនេះ ដោយបានឈ្នះ ទាំង៦លើក ពីការប្រកួចំនួន ៦ដង ក្នុងវគ្គចែកពូលរួចមក៕