×

ប្រធានក្លិប Real Madrid បង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Rasmus Hojlund របស់ Man Utd

ក្លិប Real Madrid បានបង្ហាញចាប់អារម្មណ៍លើខ្សែប្រយុទ្ធក្រុម Manchester United វ័យ ២១ ឆ្នាំ Rasmus Hojlund ដែលកំពុងឡើងជើង និងស៊ុតបញ្ចូលទីសម្រាប់ក្រុមបិសាចក្រហមជាបន្តបន្ទាប់។

របាយការណ៍មួយអះអាងថា ក្លិបយក្សមកពីក្របខណ្ឌ La Liga បានចាប់ផ្តើមត្រៀមខ្លួនសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅ ដើម្បីទិញខ្សែប្រយុទ្ធថ្មី ដែលជាគោលដៅចម្បងរបស់ពួកគេ។

ក្រុមអធិរាជស មិនទាន់បានរកអ្នកជំនួសខ្សែប្រយុទ្ធ Karim Benzema ដែលបានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីត នៅឡើយទេ។ ហើយថ្មីៗនេះ ពួកគេបានមើលឃើញថា ខ្សែប្រយុទ្ធ Rasmus Hojlund ជាអ្នកជំនួស Benzema ដ៏មានសក្តានុពល។

យ៉ាងណាក៏ដោយ នៅក្របខណ្ឌ La Liga និង UEFA Champions League ក្រុមយក្សអេស្ប៉ាញមួយនេះ កំពុងធ្វើបានល្អ ពិសេសកីឡាករចំណូលថ្មី Jude Bellingham បានចាប់ផ្ដើមរដូវកាលជាមួយ Real Madrid បានដ៏អស្ចារ្យ។

ក្រៅពី Hojlund របស់ក្រុមបិសាចក្រហម គោលដៅកំពូលផ្សេងទៀតរបស់ Real Madrid គឺកីឡាករ Erling Haaland របស់ក្រុម Manchester City និងខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint Germain ។

ចាប់តាំងពីចូលរួមជាមួយក្រុម Man United មក Hojlund បានប្រឈមមុខនឹងការរិះគន់ចំពោះទម្រង់លេង។ ប៉ុន្តែក្នុងការប្រកួត ៥លើកចុងក្រោយ កីឡាករវ័យ ២១ ឆ្នាំ ហាក់ដូចជាបានប្រែប្រួលយ៉ាងខ្លាំង ខណៈគេរកបាន ៥ គ្រាប់ និងបញ្ជូនឱ្យសម្រេចទីបាន ២គ្រាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង