×

គ្រូ Man City បង្ហាញការពេញចិត្តទម្រង់លេងរបស់កូនក្រុម ក្រោយឈ្នះ Copenhagen កាលពីយប់មិញ

ក្រុម Manchester City បានបន្តកំណត់ត្រារបស់ខ្លួនដោយការយកឈ្នះក្រុម Copenhagen ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយ នៅឯកីឡដ្ឋាន Parken ។

ជាការពិត ក្នុងការប្រកួតនោះ Man City បានគ្រប់គ្រងស្ថានការណ៍ស្ទើរតែទាំងស្រុង ដោយអាចគ្រប់គ្រងបាល់បានដល់ទៅ ៧៩ភាគរយ និងមានឱកាសស៊ុតដល់ទៅ២៧ដងឯណោះ ខណៈម្ចាស់ផ្ទះ មានឱកាសស៊ុតបាល់តែ ៤ដង។

លេងបាន១០នាទី Man City ក៏បានរកគ្រាប់បើកឆាកនាំមុខការប្រកួត ប៉ុន្តែនាទី៣៤ Magnus Mattsson បានតាមរកគ្រាប់បាល់តាមស្មើឱ្យ Copenhagen វិញ។ យ៉ាងណា Bernardo Silva ក៏ស៊ុតបញ្ចូលទី បើកការនាំមុខឱ្យ Man City មុនចប់វគ្គទី១។

ចូលមកដល់វគ្គទី២ ការប្រកួតហាក់មានភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅជិតចប់ការប្រកួត Phil Foden បានស៊ុតបញ្ចូលទី ដើម្បីធានាជ័យជម្នះដល់ Man City បានសម្រេច។

UEFA Champions League រដូវកាលនេះ Man City ដែលជាក្រុមការពារតំណែងជើងឯក បានឈ្នះគ្រប់ការប្រកួតចាប់តាំងពីវគ្គចែកពូលមកទល់ពេលនេះ ចំនួន៧ប្រកួតហើយ។

ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនេះ គ្រូបង្វឹក Man City លោក Pep Guardiola បានបង្ហាញពីភាពរីករាយ និងពេញចិត្តពីទម្រង់លេងយ៉ាងស៊ីចង្វាក់តាមការចង់បានរបស់លោក។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានឱ្យដឹងក្រោយចប់ការប្រកួតថា៖ “របៀបដែលយើងលេងគឺពិតជាល្អណាស់។ វាជាចង្វាក់ត្រឹមត្រូវគួរតែលេង។ ខ្ញុំដឹងថាការប្រកួតជាមួយ Copenhagen គឺជារឿងដ៏លំបាកមួយ។ ប៉ុន្តែយើងនៅតែធ្វើបានល្អនឹងទទួលបានជ័យជម្នះនៅពេលនេះ។”

សូមបញ្ជាក់ថា Man City និង Copenhagen នឹងត្រូវជួបប្រកួតគ្នានៅជើងទី២ ម្តងទៀត ដែលធ្វើឡើងនាកីឡដ្ឋាន Etihad របស់ក្រុមមេឃខៀវវិញម្តង ដែលនឹងធ្វើឡើងនាថ្ងៃទី៦ ខែមីនា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង