ការទិញយករបស់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe លើភាគហ៊ុន ២៥ភាគរយក្លិប Manchester United ត្រូវបានទទួលការអនុម័តដោយសមាគមបាល់ទាត់អង់គ្លេស FA ហើយ។
ការអនុម័តរបស់ FA នេះ កើតឡើង មួយថ្ងៃបន្ទាប់ពីស្ថាប័ន Premier League បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង បន្ទាប់ពីបុរស វ័យ ៧១ ឆ្នាំបានឆ្លងកាត់ការធ្វើតេស្តអំពីភាពជាម្ចាស់ភាគហ៊ុនរបស់ក្លិបបិសាចក្រហម។
លោក Ratcliffe បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ១,២៥ ពាន់លានដុល្លារ កាលពីខែធ្នូសម្រាប់ភាគហ៊ុន នឹងវិនិយោគ ៣០០ លានដុល្លារ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់ក្លិប Man UTD ផងដែរ។
កិច្ចព្រមព្រៀងនេះ នឹងឃើញលោក Ratcliffe ដែលជាអ្នកគាំទ្រ Man UTD យ៉ាងងុបងល់នោះទទួលបន្ទុកប្រតិបត្តិការបាល់ទាត់របស់ក្លិប ដោយផ្តោតលើការធ្វើអោយប្រសើរឡើងនូវកីឡដ្ឋាន Old Trafford និងពង្រឹងទម្រង់លេងរបស់ក្រុម។
ការទិញភាគហ៊ុនរបស់លោក Ratcliffe បានបញ្ចប់ភាពមិនច្បាស់លាស់ជាងមួយឆ្នាំ បន្ទាប់ពីម្ចាស់ភាគហ៊ុនធំ គ្រួសារ Glazer បាននិយាយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ថា ពួកគេកំពុងសម្លឹងមើលការវិនិយោគពីដៃគូនានាសម្រាប់ក្លិប Man UTD។
គ្រួសារសេដ្ឋីអាមេរិក Glazers បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ចំពោះការធ្លាក់ចុះជាលំដាប់នៃក្លិបជើងឯកលីគកំពូលអង់គ្លេស២០សម័យ បន្ទាប់ពីគ្រូបង្វឹក លោក Alex Ferguson បានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣។
ការចូលរួមរបស់លោក Jim Ratcliffe បានទទួលការស្វាគមន៍យ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រ Man UTD ដោយមានក្តីរំពឹងថា រូបលោក ពិតជាអាចស្រោចស្រង់ក្លិបរហស្សនាមបិសាចក្រហមឱ្យត្រឡប់ទៅកាន់ភាពខ្លាំងរបស់ខ្លួនដូចកាលពីពេលមុនវិញបាន៕
ការផ្សាយបន្តផ្ទាល់សម្រាប់ការប្រកួត Premier League នៅសប្តាហ៍ទី២៥ ចុងសប្ដាហ៍នេះ៖
Brentford vs Liverpool សៅរ៍ ១៧ កុម្ភៈ ម៉ោង ០៧:២៥ នាទីយប់ នៅ CNC
Spurs vs Wolves សៅរ៍ ១៧ កុម្ភៈ ម៉ោង ៩:៥៥ នាទីយប់ នៅ CNC
Man City vs Chelsea អាទិត្យ ១៨ កុម្ភៈ ម៉ោង ០០:២៥ នាទីរំលងអាធ្រាត្រ នៅ CTN