ប្រភពពីសារព័ត៌មាន Football Insider បានឱ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតាមដានស្ថានភាពរបស់ Harry Kane នៅក្រុម Bayern Munich ខណៈមានសេចក្ដីរាយការណ៍ថា ខ្សែប្រយុទ្ធរូបនេះមិនសប្បាយចិត្តនៅក្នុងប្រទេសអាល្លឺម៉ង់។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ទើបតែចូលរួមជាមួយ Bayern បានរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ ស្របពេលដែលក្រុម Chelsea បានចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះ។
ក្រុមរបស់លោក Mauricio Pochettino ត្រូវបានរាយការណ៍ថា នឹងមានឆន្ទៈក្នុងផ្ដល់ជូនតម្លៃផ្ទេរដើមដែល Bayern បានផ្ដល់ជូនក្រុម Tottenham Hotspur កាលពីឆ្នាំ២០២៣ ដែលប្រធានក្លិប Bayern លោក Uli Hoeness បានអះអាងថាមានតម្លៃប្រហែល ៨២លានផោន។
Kane បានស៊ុតបាល់បញ្ចូលទី ២៨ គ្រាប់ក្នុង ២៩ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Bayern ក្នុងរដូវកាលនេះ ហើយថែមទាំងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទីបានចំនួន ៨ ដងផងដែរ។
Kane ក៏បានឈ្នះស្បែកជើងមាសនៃក្របខណ្ឌ Premier League ចំនួន ៣ ដង ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល និងស៊ុតបញ្ចូលទីបាន ២១៣ គ្រាប់នៅ Premier League សម្រាប់ក្រុម Spurs ដែលភាគច្រើនជាគ្រាប់បាល់ដែលកើតឡើងក្រោមការដឹកនាំរបស់លោក Pochettino ពេលលោកដឹកនាំក្រុមមាន់ខ្នាយមាស។
ការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេស នឹងផ្ដល់ឱកាសសម្រាប់ខ្សែប្រយុទ្ធរូបនេះ ដើម្បីបំបែកកំណត់ត្រាគ្រាប់បាល់ ២៦០គ្រាប់របស់ Alan Shearer ផងដែរ។ ម្ចាស់ស្បែកជើងមាស World Cup រូបនេះ នៅជាប់កុងត្រាជាមួយ Bayern រហូតដល់ខែមិថុនា ឆ្នាំ២០២៧៕