×

គ្រូ Man UTD សរសើរអត្តចរិតនិងសមត្ថភាពខ្សែប្រយុទ្ធ Rasmus Hojlund

គ្រូបង្វឹក លោក Erik ten Hag បានធ្វើការលើកសរសើរអត្តចរិតនឹងធឹង និងសមត្ថភាពរបស់ខ្សែប្រយុទ្ធ Rasmus Hojlund ក្រោយរូបគេរកបានពីរគ្រាប់ជួយ Manchester United ឈ្នះ Luton ២-១ ក្នុងការប្រកួត Premier League។

ជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី២៥ កាលពីពេលកន្លងទៅ ត្រឹមរយៈពេល៧នាទី Hojlund អាចរកបាន២គ្រាប់ នៅទឹកដី Old Trafford ដើម្បីជួយ Man UTD យក៣ពិន្ទុពី Luton។

នេះជាការស៊ុតបញ្ចូលទី នៅ៦ប្រកួតចុងក្រោយជាប់ៗគ្នារបស់កីឡាករវ័យ២១ឆ្នាំ និងជាគ្រាប់ទី១៣ ចំណោម៣០ប្រកួត ចាប់តាំងពីផ្ទេរមកកាន់ Man UTD ពី Atalanta នៅដើមរដូវកាល ២០២៣-២៤។ មុនរកបានគ្រាប់បាល់ជាបន្តបន្ទាប់នេះ កីឡាករដាណឺម៉ាក រងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ Man UTD ហើយគ្រូបង្វឹក លោក Ten Hag បានមើលឃើញពីការរិះគន់ទាំងអស់ ប៉ុន្តែមកដល់ពេលនេះ Hojlund ពិតជាមិនធ្វើឱ្យខ្លួនខកចិត្តឡើយ។

បុរសជនជាតិហូឡង់ បានធ្វើការលើកសរសើរ Hojlund ថាមានសមត្ថភាព មានចរិតរឹងមាំ និងការអត់ធ្មត់ខ្ពស់ ដោយលោកបានថ្លែងដូច្នេះថា៖ “យើងសប្បាយចិត្ត នឹងការជ្រើសរើសតួអង្គដ៏ត្រឹមត្រូវសម្រាប់តំណែងនេះ។ Hojlund ស្ថិតក្រោមសម្ពាធរិះគន់យ៉ាងខ្លាំង ប៉ុន្តែគេនៅតែអាចបង្ហាញទេពកោសល្យដែលគាត់មាន។”

ការឈ្នះបានជួយ Man UTD រក្សាចំណាត់ថ្នាក់ទី៦ មាន៤៤ពិន្ទុ ប្រកៀកក្រុម Tottenham Hotspur និង Aston Villa ក្នុងការប្រជែងតំណែង Top 4 ។ Aston Villa នៅរក្សាចំណាត់ថ្នាក់ទី៤ មាន៤៩ពិន្ទុ ក្រោយឈ្នះ Fulham ២-១ រីឯ Spurs នៅលេខ៥ មាន៤៧ពិន្ទុ បន្ទាប់ពីចាញ់ Wolverhampton Wanderers ២-១។

Liverpool នៅរក្សាកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្នដដែលដោយកើន៥៧ពិន្ទុ បន្ទាប់ពីឈ្នះ Brentford ៤-១ នាំមុខគូប្រជែង Arsenal ២ពិន្ទុ និងម្ចាស់ការពារតំណែងជើងឯក Man City ៤ពិន្ទុ។ Arsenal បន្តឈ្នះ Burnley ដល់ទៅ ៥-០ នៅសប្តាហ៍ទី២៥ ស្របពេល Man City ស្មើ Chelsea ១-១ តែក្រុមមេឃខៀវ ទើបប្រកួត២៤លើកប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង