ក្លិប Crystal Palace នៅក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League កាលពីពេលថ្មីៗនេះ បានតែងតាំង លោក Oliver Glasner មកជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Roy Hodgson បានលាលែងពីតំណែងរួចមក។
លោក Roy Hodgson វ័យ៧៦ឆ្នាំ ដែលត្រូវបានចាត់ទុកជាគ្រូបង្វឹកមានវ័យចាស់ជាងគេនៅ ក្របខណ្ឌ Premier League បានចាកចេញពីក្លិបរហស្សនាមឥន្ទ្រីខៀវ ក្រោយពីលោកមានបញ្ហាសុខភាព រហូតត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ ពេលដែលរូបលោកកំពុងស្ថិតនៅទីលានហ្វឹកហាត់ជាមួយក្រុមកីឡាករ។
យ៉ាងណាមិញ ក្រោយចាកចេញពីមន្ទីរពេទ្យ លោក Roy Hodgson បានសម្រេចចិត្តលាលែងពីតំណែងតែម្តង ដោយលើកហេតុផលថា លោកបានចំណាយពេលគ្រប់គ្រាន់ក្នុងការដឹកនាំក្លិបបាល់ទាត់នេះហើយ។
បន្ទាប់ពីលោក Roy Hodgson បានលាលែងពីតំណែង Crystal Palace ក៏បានសម្រេចតែងតាំងអតីតគ្រូបង្វឹក Wolfsburg និង Eintracht Frankfu លោក Oliver Glasner មកជាគ្រូបង្វឹកថ្មី ដោយបានចុះកិច្ចសន្យាដឹកនាំរហូតដំណាច់រដូវកាល ២០២៥-២៦។
Crystal Palace បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៥ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន ២៥ពិន្ទុ ក្រោយពីទើបតែទទួលលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុម Everton កាលពីយប់មិញ ដោយការប្រកួតនោះដឹកនាំដោយគ្រូជំនួយលោក Patrick McCarthy ។
សម្រាប់ការដឹកនាំជាផ្លូវការដំបូងរបស់គ្រូបង្វឹកថ្មី លោក Oliver Glasner វិញ គឺលោកនឹងដឹកនាំក្រុមកីឡាករ Crystal Palace ទៅប្រកួតលើទឹកដី របស់ក្រុម Burnley នាចុងសប្តាហ៍នេះ៕