លោក Jim Ratcliffe ដែលជាសហម្ចាស់ក្លិប Manchester United បានបង្ហាញពីបំណងក្នុងការសាងសង់កីឡដ្ឋានថ្មី សម្រាប់ក្លិបដែលអាចប្រើប្រាស់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលស្ថិតនៅប៉ែកខាងជើងប្រទេស។
កីឡដ្ឋាន Old Trafford របស់ Man Utd ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា ៧៤៣១០ នាក់ ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩១០ មកម្ល៉េះ។ លោក Ratcliffe បានទទួលស្គាល់ថាកីឡដ្ឋានមួយនេះ ត្រូវការការជួសជុលឡើងវិញ។ មិនតែប៉ុណ្ណោះ កីឡដ្ឋានថ្មីមួយ អាចត្រូវបានសាងសង់នៅ Trafford Park ។
មហាសេដ្ឋីអង់គ្លេសរូបនេះបាននិយាយថា៖ “វាដល់ពេលដែលអ្នកណាម្នាក់ សាងសង់កីឡដ្ឋានជាតិនៅភាគខាងជើងនៃប្រទេសអង់គ្លេស។ ខ្ញុំនឹងរំភើបខ្លាំងណាស់សម្រាប់ប្រជាជននៅភាគខាងជើងនៃប្រទេសអង់គ្លេស។”
លោក Ratcliffe បាននិយាយអំពីសក្ដានុពលសម្រាប់កីឡដ្ឋានថ្មី ដែលអាចប្រើប្រាស់សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ FA Cup ដែលបច្ចុប្បន្ន ត្រូវបានធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley ក្នុងទីក្រុងឡុងដ៍។
កីឡដ្ឋាន Old Trafford មិនត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍បាល់ទាត់ UEFA Euro ឆ្នាំ២០២៨នោះទេ ហើយត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្របខណ្ឌ Champions League ចុងក្រោយបំផុត កាលពីឆ្នាំ ២០០៣ នៅពេលដែល AC Milan បានផ្តួលក្រុម Juventus ដោយបាល់ប៉េណាល់ទី។
លោក Ratcliffe កើតនៅទីក្រុង Manchester ដែលមានអាយុ ៧១ ឆ្នាំ បានបញ្ចប់កិច្ចព្រមព្រៀងទិញភាគហ៊ុន ២៥% នៅក្នុងក្លិបបិសាចក្រហម ដែលមានតម្លៃប្រហែល ១,៦ ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃចន្ទ។ កិច្ចព្រមព្រៀងនេះ បានរួមបញ្ចូលទាំង ការវិនិយោគលើកីឡដ្ឋានដែលមានតម្លៃ ៣០០ លានដុល្លារ សម្រាប់ពេលអនាគត៕