×

Heung-Min Son លើកទោសឱ្យមិត្តរួមក្រុមកូរ៉េខាងត្បូង Lee Kang-In ចំពោះជម្លោះនៅ Asian Cup

ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Heung-Min Son បានលើកលែងទោសដល់មិត្តរួមក្រុម Lee Kang-in ចំពោះការបង្កបញ្ហាទំនាស់ក្នុងក្រុមអំឡុងពេលមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup 2023 នៅក្នុងប្រទេសកាតា។

អំឡុងពាក់កណ្តាលផ្តាច់ព្រ័ត្រដែលកូរ៉េខាងត្បូងចាញ់ ហ្សកដានីលទ្ធផល ២-០ ប្រធានក្រុម Son ត្រូវបានគេឃើញមានរងរបួសម្រាមដៃពេលប្រកួត។ បញ្ហារបួសត្រូវបានបកស្រាយថា ដោយសារមានទំនាស់អំឡុងទទួលទានអាហារជួបជុំមុនការប្រកួតមកដល់។

សមាគមបាល់ទាត់កូរ៉េខាងត្បូង បង្ហាញពីមូលហេតុ Lee Kang-in ព្យាយាមញ៉ាំអាហារបានលឿន ដើម្បីទៅលេងកីឡាវាយកូនឃ្លីលើតុ ដែលបង្កឱ្យកីឡាករវ័យចំណាស់ក្នុងក្រុមមិនសប្បាយចិត្ត ព្រោះចាត់ទុកថាជាការហូបអាហារ ដើម្បីរឹតបណ្តឹងចំណងមិត្តភាព និងការសហការគ្នាក្នុងក្រុមឱ្យកាន់តែល្អ។ ទំនាស់បានកើតឡើង ហើយ Son ចូលទៅហាមឃាត់តែបានជួបប្រទះបញ្ហារបួសម្រាមដៃ ស្របពេលមានពាក្យមិនសមរម្យពី Kang-in។

បញ្ហាទំនាស់ ធ្វើអោយកីឡាករខ្សែបម្រើក្រុម Paris Saint Germain រងការរិះគន់យ៉ាងខ្លាំង ពី ប្រជាជនកូរ៉េខាងត្បូង។ ក្រោយធ្លាក់ចេញពី Asian Cup រួចមក Kang-in បានចេញមុខសុំទោសរៀមច្បង និងកីឡាករក្នុងក្រុមជម្រើសជាតិ។ មកដល់ពេលនេះ Son ដែលកំពុងស្ថិតនៅជាមួយក្លិប Tottenham Hotspur បានយល់ព្រមលើកលែងទោសដល់សិស្សប្អូនដែលបានបង្កកំហុសឆ្គង។

Heung-Min Son បានសរសេរលើបណ្តាញសង្គមបែបនេះថា៖ “Kang-In បានស្វែងរកឃើញការយល់ដឹងដោយស្មោះអំពីទង្វើររបស់គេ និងបានសុំទោសដោយស្មោះទៅកាន់កីឡាករទាំងអស់ ក្នុងក្រុមជម្រើសជាតិរួមទាំងខ្ញុំដែរ។ ចាប់តាំងពីរឿងហេតុ Kang-In បានជួបប្រទះបញ្ហាអាក្រក់ជាច្រើន ដូច្នេះសូមមេត្តាលើកទោសដល់រូបគេដោយចេញពីចិត្តផងចុះ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង