×

ក្រោយឈ្នះជើងឯក EFL Cup គ្រូ Liverpool ថា ខ្លួនបានដាក់ការជឿទុកចិត្តទាំងស្រុងលើកូនក្រុមខ្លួន

គ្រូបង្វឹក Liverpool លោក Jurgen Klopp បាននិយាយថា លោកបានដាក់ការជឿទុកចិត្តទាំងស្រុងទៅលើកូនក្រុមរបស់ខ្លួន ក្រោយពីបានយកឈ្នះ Chelsea ដោយលទ្ធផល ១-០ ដើម្បីក្លាយជាជើងឯកពានរង្វាន់ EFL Cup ។

ជាការពិត ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាកីឡដ្ឋាន Wembley ក្រុមទាំង២បានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក យ៉ាងសស្រាក់សស្រាំ ដោយមានស្ថិតិទាំងការគ្រប់គ្រងស្ថានការណ៍ការប្រកួត និង ការស៊ុតសម្រុកទី ប្រហាក់ប្រហែលគ្នា។ យ៉ាងណាមិញ វគ្គទី១ មិនមានការស៊ុតបញ្ចូលទីបានសម្រេចនោះទេ។

ចូលដល់វគ្គទី២ នាទី៦០ Virgil van Dijk បានទម្លុះគ្រាប់បាល់ចូលសំណាញ់ទីរបស់ Chelsea ប៉ុន្តែគួរឱ្យស្តាយ ក្រោយការពិនិត្យ VAR រួចមកក៏ត្រូវបានបដិសេធគ្រាប់បាល់នោះវិញ។ ការប្រកួតក៏បន្តរហូតចប់៩០នាទីក៏មិនអាចមានក្រុមណាស្វែងរកគ្រាប់ទៀត ទើបត្រូវឈានដល់លការថែមម៉ោង ១៥នាទី២ដង ហើយក្នុងនោះនៅនាទី ១១៨ Virgil van Dijk ដដែលបានធ្វើការតែតបញ្ចូលទីបានសម្រេច ដែលធ្វើអោយ Liverpool អាចបញ្ចប់ការប្រកួតយកឈ្នះទៅលើ Chelsea ដើម្បីក្លាយជាម្ចាស់ជើងឯក EFL Cup 2023-24។

ជាមួយនឹងជ័យជម្នះនេះដែរ គ្រូបង្វឹក Liverpool លោក Jurgen Klopp បានបង្ហាញពីភាពរីករាយ នឹងបានអះអាងថា លោកបានដាក់ការជឿទុកចិត្តទាំងស្រុងទៅលើកូនក្រុមរបស់លោក ក្នុងការប្រកួត រហូតដល់ដណ្តើមបានជើងឯកនៅពេលនេះ។

គ្រូបង្វឹក ជនជាតិអាល្លឺម៉ង់បាននិយាយក្រោយចប់ការប្រកួតដូច្នេះថា៖ “វាជាពានរង្វាន់ពិសេសណាស់សម្រាប់រូបខ្ញុំ។ នៅក្នុងការប្រកួតខ្ញុំបានដាក់ការជឿជាក់ ការជឿទុកចិត្តទាំងអស់ទៅលើកីឡាកររបស់ខ្ញុំ ថាពួកគេនឹងធ្វើបាននូវរឿងដ៏អស្ចារ្យ ហើយទីបំផុតពួកគេអាចធ្វើបានដូចអ្វីដែលខ្ញុំរំពឹងទុក។ វាពិតជាធ្វើឱ្យខ្ញុំរីករាយណាស់នៅក្នុងអាជីពជាគ្រូបង្វឹកជាង២០ឆ្នាំរបស់ខ្ញុំ។”

សូមបញ្ជាក់ថា នេះជាពានរង្វាន់ EFL Cup ជាលើកទី១០ហើយ របស់ Liverpool ហើយវាក៏ជាការប្រកួតដែល Liverpool ឈ្នះ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្នុងស្រុក ចំនួន៣ លើកក្នុងការប្រកួតនាកីឡដ្ឋាន Wembley ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង