គ្រូបង្វឹក Man City លោក Pep Guardiola បានកោតសរសើរការលេងយ៉ាងស៊ីចង្វាក់ របស់ Earling Haaland និង Kevin de Bruyne ក្រោយពីក្រុមមេឃខៀវបានយកឈឈ្នះ Luton Town ដោយលទ្ធផល ៦-២ ក្នុងការប្រកួតជុំទី៥ ពានរង្វាន់ FA Cup។
ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Kenilworth Road នោះ ក្រុមភ្ញៀវ Man City បានគាបសង្កត់ ក្រុមម្ចាស់ផ្ទះ Luton Town យ៉ាងខ្លាំង ដោយការប្រកួតវគ្គទី១នោះ Earling Haaland រកបាន Hat-Trick ទៅហើយ គឺនៅនាទី ៣ នាទី១៨ និង នាទី៤០ ដែលជាការចែកបាល់សម្រេចទីដោយ Kevin de Bruyne ទាំង៣ដងផងដែរ។ យ៉ាងណា មុនចប់វគ្គទី១ កីឡាករ Jordan Clark បាន តាម១គ្រាប់ឱ្យក្រុម Luton Town វិញ។
ចូលមកដល់វគ្គទី២ នាទី៥១ កីឡាករ Jordan Clark ដដែលបានស្វែងរកគ្រាប់បាន១គ្រាប់ទៀត ឱ្យក្រុម Luton Town ប៉ុន្តែក្រោយមកក្រុម Man City បានវាយសម្រុកយ៉ាងខ្លាំង និងអាចរកបាន៣គ្រាប់ផ្ទួនៗ បន្ថែមទៀត ដែលធ្វើបានដោយ Earling Haaland ២គ្រាប់នៅនាទី ៥៥ និងនាទី ៥៨ ហើយ ១គ្រាប់ចុងក្រោយជាការធ្វើបានដោយ Mateo Kovačić នៅនាទី៧២។
ការស៊ុតបញ្ចូលទី៥គ្រាប់នេះដែរ Earling Haaland បានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីរបស់វីរបុរស Man City ២រូបនៅក្នុងការប្រកួតពានរង្វាន់ FA Cup គឺកំណត់ត្រារបស់លោក Frank Roberts និង Bobby Marshall។ លោក Frank Roberts រកបាន៥គ្រាប់កាលពីខែកុម្ភៈ ឆ្នាំ១៩២៦ ឈ្នះលើ Crystal Palace រីឯលោក Bobby Marshall ធ្វើបានកាលពីខែមករា ឆ្នាំ១៩៣០ លើ Swindon Town។
សម្រាប់ការលេងយ៉ាងល្អរបស់កីឡាករក្នុងក្រុមបានធ្វើឱ្យលោក Pep Guardiola មានការកោតសរសើរ ជាពិសេសការលេងយ៉ាងស៊ីចង្វាក់គ្នារវាង Haaland និង Kevin de Bruyne។
លោក Pep Guardiola បានអោយដឹងក្រោយចប់ការប្រកួតថា៖ “ថ្ងៃនេះកីឡាករគ្រប់គ្នាធ្វើបានល្អ ជាពិសេស Earling Haaland និង Kevin de Bruyne។ ពួកគេលេងក្នុងរបៀបដែលខុសប្លែកមួយ ហើយវាក៏ខុសគ្នា ពីមួយប្រកួតទៅមួយប្រកួត។ ការលេងរបស់ពួកគេធ្វើអោយគូប្រកួតពិបាកស្មាន ហើយពួកគេយល់ដឹងពីអ្វីដែលត្រូវធ្វើ និងបានធ្វើវាក្នុងភាពឥតខ្ចោះ។”
ចំពោះជ័យជម្នះនេះដែរ ក្រុម Man City នឹង បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយការចាប់ឆ្នោតផ្គូផ្គងនឹងធ្វើឡើងនៅថ្ងៃនេះ៕