×

លោក Erik Ten Hag មិនខ្វល់ពីតំណែងនៅ Man UTD ខណៈកិច្ចសន្យាថ្មីមិនទាន់ត្រូវបានពិភាក្សា

លោក Erik ten Hag មិនខ្វល់ពីបញ្ហាអនាគតនៅក្លិប Manchester United ឡើយ ទោះបីជាម្ចាស់គ្រប់គ្រងថ្មីលោក Jim Ratcliffe មិនទាន់បញ្ជាក់ពីការបន្តកិច្ចសន្យាថ្មី ឬក៏អត់។

គ្រូបង្វឹកសញ្ជាតិហូឡង់ មានកុងត្រាដឹកនាំ Man UTD ដល់ឆ្នាំ ២០២៥ ប៉ុន្តែត្រូវបានគេមើលឃើញថាតំណែងរបស់លោកមានភាពរង្គោះរង្គើបន្តិច បន្ទាប់ពីដឹកនាំក្រុមធ្វើមិនបានល្អនៅដើមរដូវកាល ដល់ពាក់កណ្តាលរដូវកាល។ បច្ចុប្បន្ន Man UTD ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Premier League។

កាលពីសប្តាហ៍មុនភាគហ៊ុន ២៧,៧ភាគរយ នៅក្នុងក្លិប Man UTD របស់លោក Ratcliffe ត្រូវបានបង្ហាញ ប៉ុន្តែមហាសេដ្ឋីអង់គ្លេសវ័យ ៧១ឆ្នាំ មិនមានការបញ្ជាក់អ្វីបន្ថែមឡើយទៅលើអនាគតរបស់លោក Erik ten Hag ថានឹងអាចបន្តដឹកនាំនៅរដូវកាលក្រោយ ឬយ៉ាងណា។

ទាក់ទងបញ្ហានេះ លោក Erik ten Hag អះអាងថា ខ្លួនមិនមានបញ្ហាអ្វីទាំងអស់លើអនាគតនៅ កីឡដ្ឋាន Old Trafford។ លោក Ten Hag ជឿជាក់លើផ្នែកគ្រប់គ្រងថ្មីរបស់ក្លិប ដែលថារូបលោកកំពុងតែដឹកនាំក្រុមធ្វើតាមផ្លូវមួយដ៏ត្រឹមត្រូវ។

លោក Ten Hag បាននិយាយបែបនេះថា៖ “ខ្ញុំមានកុងត្រា ៣ឆ្នាំ ដូច្នេះខ្ញុំមិនខ្វល់នោះទេ។ ខ្ញុំកំពុងស្ថិតក្នុងដំណើរការគម្រោង ខ្ញុំផ្តោតលើតែគម្រោងតែប៉ុណ្ណោះ ដូច្នេះខ្ញុំមិនខ្វល់ឡើយថានឹងមានអ្វីកើតឡើងជុំវិញខ្លួនខ្ញុំ។ ខ្ញុំមានការជជែកជាច្រើនជាមួយលោក Jim Ratcliffe ដូចគ្នាជាមួយនឹងលោក Dave Brailsford ព្រមទាំងក្រុមការងារដទៃទៀត។ ដូច្នេះខ្ញុំដឹងថាយើងកំពុងតែនិយាយអំពីអ្វី ហើយខ្ញុំមានជំនឿចិត្តខ្លាំងថា ពួកគេគឺជឿជាក់មកលើខ្ញុំ។”

បច្ចុប្បន្ន Man UTD កំពុងត្រូវក្រុមការងាររបស់លោក Ratcliffe ផ្លាស់ប្តូរតំណែង និងតែងតាំងថ្នាក់ដឹកនាំថ្មីជាច្រើន ដើម្បីពង្រឹងក្លិបឡើងវិញ។ ការផ្លាស់ប្តូរថ្នាក់គ្រប់គ្រងក្លិបកំពុងតែជំរុញឱ្យមានការតាមដានលើស្ថានភាពដឹកនាំក្រុមរបស់លោក Ten Hag ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង